(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នឹងត្រូវដាក់ឱ្យអនុវត្តនៅឆ្នាំ២០២២ខាងមុខនេះ។ លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកាន់តែល្អប្រសើរ។

កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ត្រូវបានបិទបញ្ចប់ ហើយត្រូវបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន សួនហ៊្វុក ប្រមុខរដ្ឋរបស់វៀតណាម។

លោក ប៉ាន សូរស័ក្តិ បានប្រាប់ Fresh News ថា កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាមដែលនឹងចុះហត្ថលេខា និងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២២ខាងមុខនេះ គឺដើម្បីបង្កើតក្របខណ្ឌគតិយុត្តិ និងយន្តការទ្វេភាគីសម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្ម ដែលប្រជាពលរដ្ឋរស់នៅតាមព្រំដែលបានធ្វើជាមួយគ្នាជាយូរលង់មកហើយ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មពាណិជ្ជកម្ម បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យមានការកសាងទីផ្សារនានា ប្រព័ន្ធលក់ដូរ មធ្យបាយទូទាត់ដែលសម្បូរបែប កិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញសកម្មភាពពាណិជ្ជកម្ម ដែលស្របច្បាប់ សេវាគាំទ្រដល់ពាណិជ្ជកម្មតាមព្រំដែន ការផ្លាស់ប្តូរព័ត៌មានទីផ្សារ យន្តការដោះស្រាយបញ្ហានានាដែលអាចនឹងកើតឡើងជាយថាហេតុ។ល។»។

បើតាមលោក ប៉ាន សូរស័ក្តិ ក្រោយទទួលបាននូវការយល់ព្រមពីសភាជាតិនៃប្រទេសនីមួយៗហើយនោះ ប្រទេសទាំងពីរនឹងមានយន្តការថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីជំរុញការអនុវត្ត និងដោះស្រាយវិវាទនានា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញនូវសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ នឹងធ្វើឱ្យប្រសើរទ្បើងនូវជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀង ក៏នឹងរួមចំណែកពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ, បង្កើតនូវការតភ្ជាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងភាពយូរអង្វែងសម្រាប់ភាគីទាំងពីរ និងបង្កើតលក្ខខណ្ឌអំណោយផលដល់ពាណិជ្ជករនៃភាគីទាំងពីរផងដែរ។

កម្ពុជា និងវៀតណាម តែងបានយកចិត្តទុកដាក់លើការធ្វើពាណិជ្ជកម្មជាមួយគ្នា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ របាយការណ៍បានបង្ហាញថា ក្នុងនោះនៅឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥ប៊ីលានដុល្លារ ហើយរយៈពេល៨ខែ ឆ្នាំ២០២១ សម្រេចបានជិត ៧ប៊ីលានដុល្លារ៕