(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាពដល់គ្រួសារកុមារា កុមារីជួបគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីជួបការលំបាកខ្វះខាត និងគ្រួសារទើបសម្រាលកូនរស់នៅក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ឯក ឃុនដឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ និងលោក ប្រាជ្ញ សីហា ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ស្វាយប៉ាក បានអញ្ជើញក្នុងពិធីប្រកាស បញ្ចូលសមាជិកថ្មី របស់គណបក្សសង្កាត់ចំនួន៥៩នាក់ (ស្រី៣៣នាក់) ស្ថិតនៅទីស្នាក់ការគណបក្សសង្កាត់ស្វាយប៉ាក។

នៅក្នុងឱកាសនោះ លោក ឯក ឃុនដឿន បានណែនាំដល់សមាជិក សមាជិកាគណបក្សយកចិត្តទុកដាក់លើការងារមួយចំនួនរួមមាន៖

*ទី១៖ ពង្រឹងគណបក្ស
*ទី២៖ ការងារសំខាន់ៗឆ្ពោះទៅរកការបោះឆ្នោត
*ទី៣៖ ការងារបម្រើសេវាសាធារណៈ និងសន្តិសុខ
*ទី៤៖ ការងារបំពាក់ភ្លើងបំភ្លឺផ្លូវលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបម្រើប្រជាពលរដ្ឋ។

លោក ឯក ឃុនដឿន បានឧបត្ថម្ភក្រមាក្នុងម្នាក់មួយៗ ដល់សមាជិកគណបក្សសង្កាត់ទាំងចាស់ និងថ្មីសរុបចំនួន១២០នាក់ផងដែរ ដើម្បីទុកជាអនុស្សាវរីយ៍ ដោយទទួលអាវបក្ស១ មួកបក្ស១ ទឹកបរិសុទ្ធ អាហារសម្រន់ និងថវិកាចំនួន២០០០០រៀល ពីក្រុមការងារចុះជួយសង្កាត់ស្វាយប៉ាក សរុបចំនួន ២,៧៨០,០០០រៀល៕