(ក្រចេះ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តក្រចេះ បានបើកកិច្ចប្រជុំជាមួយវិស័យឯកជន និងពិធីពិព័រណ៍ការងារ និងផលិតផលរបស់ក្រុមហ៊ុន អ.អឹម.អេ.ខេមបូឌា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមានការចូលរួមពីប្រធានមន្ទីរការងារ តំណាងក្រុមហ៊ុន អ.អិម.អេ ប្រចាំប្រទេសកម្ពុជា លោក រ៉ាជីវ ប្រាដ្ឋាន នាយកប្រចាំប្រទេស អង្គការ ស្វីសខន់ថាក់ លោកអភិបាល ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

លោក វ៉ា ថន បានថ្លែងថា «វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ហើយវិស័យនេះបានជំរុញឱ្យមានការអភិវឌ្ឍផ្នែកវិស័យឯកជន និងបានចូលរួមចំណែកធ្វើឱ្យមានការកើនឡើង នូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកម្លាំងពលកម្មដែលមានជំនាញ និងការរីកដុះដាលនៃរោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនឯកជន មួយចំនួនធំទៀតផងដែរ ហើយការរីកចម្រើននៃវិស័យឯកជនទាំងនោះបាន វាអាស្រ័យដោយមានកម្លាំងពលកម្ម មានធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដមួយដើម្បីធានាបាននូវការផលិត និងកិច្ចដំណើរការរបស់រោងចក្រ សហគ្រាសឱ្យមានសកម្មភាពរស់រវើកជាប់ជានិរន្តរ៍ប្រកបដោយចីរភាព និងកំណើន»

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានបន្តថា នៅពេលដែលកិច្ចសហការល្អរវាងវិស័យឯកជន និងវិស័យសាធារណៈធ្វើបានល្អ យើងនឹងទទួលបាននូវភាពឈ្នះចំនួន៤រួមមាន៖

*ទី១៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនឹងអនុវត្តកម្មវិធីសិក្សាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សាការងារទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត
*ទី២៖ ក្រុមហ៊ុន ឬសហគ្រាស អស់លោក លោកស្រីនឹងទទួលបាននូវកម្លាំងពលកម្មល្អ បង្កើនផលិតភាពការងារ និងប្រាក់ចំណេញខ្ពស់នោះជាអ្វីដែលក្រុមហ៊ុនទាំងអស់ប្រាថ្នាចង់បាន
*ទី៣៖ ប្រជាពលរដ្ឋរបស់យើងលោកមានជំនាញវិជ្ជាជីវៈពិតប្រាកដ មានការងារ និងប្រាក់ចំណូលស្ថិតស្ថេរ កាត់បន្ថយបាននូវចំណាកស្រុកដោយប្រថុយប្រថាន កាត់បន្ថយនូវអំពើចោរកម្ម និងការប្រព្រឹត្តបទល្មើសផ្សេងៗ ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
*ទី៤៖ ក្រុមហ៊ុនមានដំណើរការល្អ មានប្រាក់ចំណេញកើនឡើងប្រជាពលរដ្ឋមានការងារ និងប្រាក់ចំណូលស្ថិតស្ថេរ ជីវភាពមានភាពប្រសើរឡើង សេដ្ឋកិច្ចប្រទេសកម្ពុជានឹងមានកំណើនដោយឈរលើភាពរឹងមាំ នៃចលនាសម្ព័ន្ធសេដ្ឋកិច្ច និងចូលរួមក្នុងការសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ «ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០»។

លោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះក្រុមហ៊ុន អ.អិម.អេ. ខេមបូឌា និងអង្គការ ស្វីសខន់ថាក់ ដែលមានកិច្ចសហការយ៉ាងល្អ ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ និងបន្តពង្រីកកិច្ចសហការជាមួយគ្នានូវការងារមួយចំនួនទៀតតាមដែលអាចធ្វើបានដូចជា៖ ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ ក្រុមហ៊ុនលើវិស័យនិងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕