(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញប្រតិកម្មចំពោះការលើកឡើងរបស់អតីតរដ្ឋមន្រ្តីការបរទេសថៃ លោក កាស៊ីត ភារម្យ និងតំណាងរាស្រ្តក្រុមប្រឆាំងម៉ាឡេស៊ីម្នាក់ ដែលបានរិះគន់ចំពោះ ដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងធ្វើឡើងនៅដើមខែមករា ខាងមុខនេះ។ ជាមួយគ្នានេះ សម្តេចបានចាត់ទុកថា អ្នកដែលព្យាយាមរារាំងសម្តេចទៅកាន់មីយ៉ាន់ម៉ា គឺជាអ្នកដែលចងបំផ្លាញសាមគ្គីភាពរបស់អាស៊ាន។
ការប្រតិកម្មនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។ អគារថ្មីនេះ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង ២៦ម៉ែត្រ។
ដោយបង្ហាញអំពីមនុស្សជាច្រើនអបអរសាទរចំពោះសម្តេចដែលទៅសម្របសម្រួល ដើម្បីធ្វើឱ្យអាស៊ាន៩ មកជាអាស៊ាន១០ ហើយទប់ស្កាត់អំពើហិង្សានៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការរិះគន់របស់មនុស្សមួយចំនួន ដែលស្ថិតនៅក្នុងរង្វង់ក្រុមប្រឆាំងនៅក្នុងតំបន់អាស៊ាន។ សម្តេចថ្លែងថា «ប៉ុន្តែមានមនុស្សមួយចំនួន ចាប់ផ្តើមពី កាស៊ីត ភារម្យ បន្ទាប់ទៅឃើញតំណាងរាស្រ្តម្នាក់នៅម៉ាឡេស៊ី ហើយអ្នកខ្លះទៀតបង្ហាញពីកង្វល់ថា ការធ្វើដំណើររបស់ លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា ហាក់ដូចជាបំផ្លាញនូវការខិតខំរបស់ពួកគេ ដែលជិតឈានដល់គោលដៅ»។
កាលពីពេលថ្មីៗនេះ លោកកាស៊ីត ភិរម្យ (Kasit Piromya) អតីតរដ្ឋមន្រ្តីការបរទេសថៃ បានចេញមុខជំទាស់ទៅនឹងគម្រោងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកកាស៊ីត ភិរម្យ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ កំពុងតែព្យាយាមធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងតស៊ូរបស់ អាស៊ាន ប្រឆាំងមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា (Myanmar) ប្រែក្លាយជាអសារបង់។
ក្នុងការថ្លែងសុន្ទរកថា នៅថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចោទសួរទៅកាន់អ្នករិះគន់នោះថា តើអ្វីទៅជាការជិតឈានដល់គោលដៅ? តើអ្នកឈានដល់គោលដៅនេះ គឺការយកមីយ៉ាន់ម៉ាចេញពីអាស៊ានឬយ៉ាណា? សម្តេចបានបញ្ជាក់ «អ្នកឯងឆ្លើយត្រង់ហ្នឹងឱ្យខ្ញុំ អ្វីទៅជាគោលដៅអ្នកឯង ប៉ុន្តែមួយទៀតគេថា “លោកហ៊ុន សែន ទៅមីយ៉ាន់ម៉ា ហាក់ដូចជាទទួលស្គាល់នូវរដ្ឋបាលដែលចេញពីរដ្ឋប្រហារយោធា ខ្ញុំគ្រាន់តែសួរអ្នកឯងតើប្រទេសអ្នកឯងបានផ្តាច់ទូតពីមីយ៉ាន់ម៉ាហើយឬនៅ?»។
សម្តេចបានបន្តថា «មុននឹងអ្នកឯងសួរខ្ញុំ ចង្អុលមុខខ្ញុំអ្នកឯងត្រូវសួរខ្លួនឯងថា អ្នកឯងធ្វើអី បើអ្នកឯងហ៊ានផ្តាច់ទូតចេញពីមីយ៉ាន់ម៉ាទើបអ្នកឯងចិត្តសឿង ប៉ុន្តែប្រទេសនៅលើលោកីយ៍នេះ អត់ទាន់មានប្រទេសណាមួយផ្តាច់ទូតចេញពីប្រទេសមីយ៉ាន់ម៉ាទេ ហេតុអ្វីបានហ៊ុន សែន មិនអាចទៅមីយ៉ាន់ម៉ាបាន ខ្ញុំមានទូតនៅហ្នឹង ហើយមីយ៉ាន់ម៉ា មានទូតនៅភ្នំពេញ អញ្ចឹងដំណើររបស់ខ្ញុំទៅមីយ៉ាន់ម៉ា អត់មានអីខុស ជាទម្លាប់ការទូតធម្មតា ហើយក៏ជាផ្នែកមួយនៃទំនាក់ទំនងភាពជាដៃគូក្នុងអាស៊ាន»។
មីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ តុលាការមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានផ្តន្ទាទោសលោកស្រី ដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។ ទោះជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឲ្យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ។ អំឡុងពេលមានបញ្ហាផ្ទៃក្នុងជិតមួយឆ្នាំមកនេះ មីយ៉ាន់ម៉ាដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីប្រទេសប្រ៊ុយណេដែលជាប្រធានអាស៊ានមិនធ្វើលិខិតអញ្ជើញមេដឹកនាំយោធាដែលកំពុងកាន់អំណាចចូលរួមប្រជុំ ដែលធ្វើឲ្យអាស៊ានមិនអាចស្វែងរកនូវកុងសង់ស៊ីសរបស់ខ្លួនបាន។
សម្តេចបានបន្ថែមថា អាស៊ានមិនត្រូវមានត្រឹម៩ប្រទេសនោះទេ បើអាស៊ានមានត្រឹម៩ប្រទេសអាស៊ាននឹងបរាជ័យ។ «ខ្ញុំនឹងខិតខំធ្វើឱ្យអាស៊ាន៩ វិលត្រឡប់មកអាស៊ាន១០ ក្នុងឋានៈខ្ញុំជាប្រធានអាស៊ាន ខ្ញុំសូមប្រកាសថា ដរាបណាមានត្រឹមអាស៊ាន៩ អាស៊ានមិនគ្រប់ទឹក អាស៊ានមិនគួរធ្វើការបែបនេះទេ»។ សម្តេចបានបន្តថា ប្រទេសទាំងអស់បានរក្សាស្ថានទូត នៅប្រទេសមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ាក៏បានរក្សាស្ថានទូតរបស់ខ្លួននៅប្រទេសអាស៊ានផងដែរ។
ដោយសំដៅទៅ លោក កាស៊ី ភិរម្យ សម្តេចបានលើកឡើងថា «បើពិសោធន៍ក្មេងខ្ចីណាស់ សូមទៅរៀនឡើងវិញ ទោះបីជាអ្នកឯងអាយុជិត៨០ឆ្នាំហើយក៏ដោយ ទៅរៀនឡើងវិញ ប្រទេសរបស់ខ្លួនមិនទាន់ផ្តាច់ទូតចេញពីមីយ៉ាន់ម៉ានៅឡើយទេ បើមិនទាន់ផ្តាច់ទូត រឿងអីទទួលស្គាល់ ឬមិនទទួលស្គាល់»។
ទោះជាយ៉ាងនេះក្តី សម្តេចបានប្តេជ្ញាថា ត្រូវតែប្តូរផ្តាច់ក្នុងសមាជិកដែលមានការទទួលខុសត្រូវ ក្នុងឋានៈជាប្រធានប្តូរវេនដែលមានការទទួលខុសត្រូវ សម្តេចត្រូវតែធ្វើឱ្យអាស៊ានពី៩ ឡើងមក១០វិញ។ សម្តេចបញ្ជាក់ថា «ព្រោះអាស៊ានមាន១០ បើអាស៊ានមាន៩ វាអត់កុងសង់ស៊ីសទេ វាបាត់មួយ»។ សម្តេចបានចាត់ទុកថា ការធ្វើអត្ថាធិប្បាយរិះគន់ចំពោះដំណើររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺចេញពីក្រុមប្រឆាំងនៅក្នុងតំបន់អាស៊ាន និងមាននៅខាងក្រៅតំបន់ខ្លះ ប៉ុន្តែប្រទេសទាំងនោះ មិនទាន់ផ្តាច់ទូតចេញពីមីយ៉ាន់ម៉ានៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។ គោលដៅនៃទស្សនកិច្ចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដើម្បីសម្របសម្រួលជាមួយមីយ៉ាន់ម៉ា និងពង្រឹងមជ្ឈភាពអាស៊ានឡើងវិញ។ ក្នុងពិធីសម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងខិតខំសម្រួលដល់សភាពការណ៍របស់មីយ៉ាន់ម៉ា ដើម្បីបានវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែការដោះស្រាយបាន ឬមិនបានគឺមិនអាស្រ័យលើអាស៊ានទេ សូមកុំបន្ទោសកម្ពុជា៕
សម្តេចបានបញ្ជាក់ថា «អញ្ចឹងខ្ញុំទៅក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាផង ក្នុងឋានៈជាប្រធានអាស៊ានផង ព្រោះពិបាកពេកក្នុងការបញ្ជូនបេសកជនប្រធានអាស៊ានទៅ អញ្ចឹងប្រធានទៅតែម្តងទៅវាឆាប់ចប់ ហើយបើមិននិយាយជាមួយរដ្ឋបាលមីយ៉ាន់ម៉ា ដែលកំពុងដឹកនាំប្រទេស តើយើងទៅនិយាយជាមួយនរណា?»។ សម្តេចបានលើកឡើងថា ចំពោះបញ្ហាមីយ៉ាន់ម៉ា ត្រូវបង្កើនជំនឿទុកចិត្តឱ្យគ្នាទៅវិញទៅមក។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា «បញ្ហារបស់យើង ម្ខាងត្រូវសម្រួលឱ្យអាស៊ាន មកជាអាស៊ានឯកភាពវិញ ព្រោះអាស៊ានបាត់បង់ការឯកភាព បើអាស៊ានតែ៩ ម្តេចទៅហៅថា មជ្ឈភាពអាស៊ាន ឬសាមគ្គីភាពអាស៊ាននៅកន្លែងណា គឺអត់មាន អញ្ចឹងភារកិច្ចរបស់ខ្ញុំក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ត្រូវធ្វើឱ្យអាស៊ានមាន១០ឡើងវិញ មិនអាចអាស៊ាន៩ នេះជាទម្លាប់គ្រោះថ្នាក់ ហើយនឹងធ្វើឱ្យអាស៊ានបែកតែម្តង ឯទី២ យើងចូលរួមចំណែកក្នុងការអនុវត្តកុងសង់ស៊ីស ៥ចំណុច»។
សម្តេចបានលើកឡើងថា បើទោះបីជាមិនទាន់ដល់គោលដៅរបស់មីយ៉ាន់ម៉ា ដែលថានឹងរៀបចំការបោះឆ្នោត នៅខែសីហា ឆ្នាំ២០២៣ ប៉ុន្តែដំណាក់កាលសម្រាប់សម្រួល គឺមានដំណាក់កាលរបស់វាដូចជាដំណាក់កាលនៃការបញ្ឈប់ហិង្សាជាចំណុចសំខាន់ ក្នុងការការពារជីវិតមនុស្ស។ សម្តេចសង្ឃឹមថា មិត្តភក្តី និងដៃគូអាស៊ានក្តី ឬអ្នកតាមដានស្ថានការណ៍នយោបាយ យល់អំពីការងារដែលយើងត្រូវធ្វើ «បើមិននិយាយជាមួយមេដឹកនាំតើឱ្យទៅនិយាយជាមួយនរណា?»៕