(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ចំនួន២ទីតាំង ទី១នៅសហគមន៍ព្រៃឈើចង្ក្រានរយនៃស្រុកវ៉ារិន និងក្នុងក្រុងសៀមរាប ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលថ្មីមួយទៀត ក្រៅពីប្រាសាទ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលេីកឡេីងថា អាជ្ញាធរខេត្តសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប រួមនិងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ គ្រោងនឹងបង្ហាញតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញរបស់ខេត្ត ក៏ដូចជាការត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលទេសចរគ្រប់ជាតិសាសន៍ ក្រោមការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាធានាសុវត្តិភាព (៣កាពារ ៣កុំ) ដើម្បីជៀសផុតពីការឆ្លងនិងការចំលងជំងឺកូវីដ-១៩។ សហគមន៍ព្រៃឈើចង្ក្រានរយ ក៏ជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្រៅពីប្រាសាទ ហើយការចូលរួមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងការមកទស្សនាបន្តទៅថ្ងៃអនាគត នៅតំបន់ព្រៃធម្មជាតិនេះ ដេីម្បីជួយដល់សេដ្ឋកិច្ចសង្គម និងជីវភាពប្រជាជនក្នុងតំបន់ក្រោយវិបត្តិកូវីដ-១៩ ។

លោក ឡាយ គឹមសួរ ប្រធានកិត្តិយសសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប បានរៀបរាប់ថា យោងតាមស្ថានភាពបច្ចុប្បន្ន ទំនោរនៃការដើរកម្សាន្តរបស់ប្រជាជនខ្មែរ មានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពនៃដំណើរកម្សាន្តក៏មានការផ្លាស់ផងដែរ ។ ដូច្នេះភ្នំចង្ក្រានរយគឺជាតំបន់អេកូទេសចរណ៍ដែលភ្ញៀវជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំង។

ក្នុងកម្មវិធីនេះ មានការបែងចែកជាពីរផ្នែក គឺបើកឱ្យមានការចូលរួមដោយសេរីពីសំណាក់ប្រជាសហគមន៍ និងមានការរៀបចំលក់ជាកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

តាមការបង្ហាញពីខាងសហគមន៍ តំបន់ភ្នំចង្ក្រានរយ មានគោលដៅសម្រាប់ភ្ញៀវទេសចរទស្សនាជាច្រើន ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រមួយនាសម័យកាលព្រះបាទត្រសក់ផ្អែម។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានព្រៃទស្សនាសត្វស្លាបកម្រ ដែលភៀសខ្លួនចេញពីតំបន់និងពិភពលោក មកសម្ងំលាក់ខ្លួននៅក្នុងតំបន់ព្រៃភ្នំចង្ក្រានរយតាមរដូវកាល។ តំបន់ចង្ក្រានរយ ក៏ជាទីតាំងដែលមានថ្មដុះចេញជារូបសត្វផ្សេង ចំការម្នាស់ដុះលើថ្ម ទាំងនេះហើយ គឺជាចំណុចសក្តានុពលទេសចរណ៍ដ៏ទាក់ទាញបំផុត នៅស្រុកវ៉ារិន្ទ នៃខេត្តសៀមរាប។

ក្រៅពីតំបន់សហគមន៍ទេសចរណ៍ចង្រ្កាន្តរយ រដ្ឋបាលខេត្តក៏គ្រោងរៀបចំពិធីឆ្លងឆ្នាំសកលនៅក្នុងក្រុងសៀមរាបផងដែរ។ សួនច្បារព្រះរាជដំណាក់ គឺជាគោលដៅ និងមានរៀបចំស្ដង់ពិព័រណ៍ម្ហូបអាហារផងដែរ៕