(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្លាំងនគរបាលរប ស់លោក តាមចាប់ជនជាតិចិន២នាក់ ក្រោយចូលទៅធ្វើសកម្មភាពប៉ន់ប៉ងចាប់ជំរិត និងប្លន់អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣៖២០នាទី មានជនសង្ស័យ២នាក់ ជាជនជាតិចិន បានទៅជួបអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូខ្សាច់មាស នៅខាងមុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ពេលនោះជនសង្ស័យទាំង២នាក់ សុំចូលធ្វើការនៅសណ្ឋាគារ និងកាស៊ីណូខ្សាច់មាស ហើយជនសង្ស័យទាំង២នាក់ បានសុំខ្ចីលុយពីអ្នកគ្រប់គ្រង ក្នុងម្នាក់១៨,០០០$ សរុបទាំង២នាក់ ចំនួន ៣៦,០០០$។ លុះក្រោយពេលដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ ខ្សាច់មាស បានវេរលុយឲ្យជនសង្ស័យទាំង២នាក់រួចមក ស្រាប់តែជនសង្ស័យទាំង២នាក់ ព្យាយាមចាប់ខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ដោយជនសង្ស័យឈ្មោះ JIANG FENG យកកាំភ្លើងខ្លី១ដើម ភ្ជុងក្បាលពោះជនរងគ្រោះ រីឯជនសង្ស័យឈ្មោះ BAO JIE ចាប់ក្រៀកក ហើយក៏ត្រូវបានសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ឃើញ ក៏បានចូលទៅប្រតាយប្រតប់ជាមួយជនសង្ស័យទាំង២នាក់។

ដោយឃើញសភាពការណ៍មិនសូវស្រួល ជនសង្ស័យឈ្មោះ JIANG FENG បានទាញកាំភ្លើងខ្លីរបស់វា បាញ់សំដៅទៅសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ កាស៊ីណូ វិមានខ្សាច់មាស ០១គ្រាប់ បណ្តាលឲ្យត្រូវសន្តិសុខ ជនជាតិចិនម្នាក់ រងរបួសត្រង់ក្បាលពោះ បៀមគ្រាប់ជាប់ខាងក្នុង បន្ទាប់មកជនសង្ស័យទាំង២នាក់ បាននាំគ្នារត់គេចខ្លួនបាត់អស់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១៤៖៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ១នាក់ ឈ្មោះ BAO JIE រីឯជនសង្ស័យ១នាក់ទៀត ឈ្មោះ JIANG FENG ជាជនដៃដល់ បានរត់គេចខ្លួន ព្រមទាំងយកកាំភ្លើងខ្លីទៅជាមួយ។

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួន ជនសង្ស័យឈ្មោះ JIANG FENG រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលម៉ោង ១៦៖៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ JIANG FENG ដែលកំពុងសង្ងំលាក់ខ្លួននៅនៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម ដែលជនសង្ស័យយកទៅលាក់ទុកនៅបន្ទប់ជួលមួយកន្លែងម្តុំ អ៊ិលវីចាស់។

ជនរងគ្រោះដែលត្រូវបានជនសង្ស័យ ប៉ុនប៉ងចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះ រងរបួសដោយត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ មានឈ្មោះ ZHANG SHUANG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖ កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI M906-TD, បង់កាំភ្លើង០១ មាន០៥គ្រាប់, បំពង់ផ្ទប់សម្លេង (ស៊ីឡង់)១ ពណ៌ខ្មៅ, ខ្នោះដៃ ០២គូរ, ពិលឆក់ ០១គ្រឿង និងស្កុត ០១ដុំ។

ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕