(កណ្ដាល)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នាព្រឹកថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១ បានបន្តអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីប្រកាសសមាសភាពក្រុមការងារចលនាយុវជន ឃុំស្វាយជ្រំ ឃុំកោះឱកញ៉ាតីយ៍ និងឃុំព្រែកតាកូវ និងបន្តចុះផ្សព្ធផ្សាយអំពីផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៥។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកអនុប្រធាបទទួលបន្ទុកជួយប្រធាន និងប្រធានទទួលបន្ទុកចលនាយុវជនឃុំ និងសមាជិក សរុបប្រមាណ ២១០នាក់។

លោក កៅ ថាច បានបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនយុវជនទាំងអស់ ដែលមានវត្តមាននាឱកាសនេះផងដែរ។

លោបានយកឱកាសនេះ ធ្វើការសំណេះសំណាល និងសាកសួរសុខទុក្ខ និងធ្វើការណែនាំការងារដល់ប្អូនៗយុវជនទាំងអស់៖

១៖ បន្តជំរុញឲ្យយុវជនធ្វើការងារបក្ស និងបន្តពង្រីកសមាជិកបក្សក្នុងមូលដ្ឋាន និងបន្តគោរពបុព្វហេតុរបស់គណបក្ស និងចូលរួមផ្សព្វផ្សាយអំពីស្នាដៃ របស់ដែលបក្សសម្រេចបាន។

២៖ ធ្វើការរំលឹកអំពីប្រវិត្តសាស្ត្រដ៏ជូចត់ ឆ្លងកាត់ភាពលំបាកនៃការការគៀបសង្កត់ ក្នុងសម័យអាណានិគមនិយមបារាំង, តំណាក់កាលប្រវិត្តក្នុងសម័យនីមួយៗ និង ប្រវិត្តរបស់គណបក្សប្រជាជនកម្ពុជា និងការតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលលោក បានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីប្តូរយកបុព្វហេតុដ៏ត្រឹមត្រូវជូនប្រជាជន សង្គមជាតិ និងសុខសន្តិភាព។

៣៖ គូសរំលេចអំពីវិនាសកម្មក្នុងរបស់ប្រល័យពូជសាសន៍ បី ឆ្នាំ ប្រាំបី ខែ និង ម្ផៃថ្ងៃ ដែលប្រទេសកម្ពុជា ត្រូវបាន បំផ្លិចបំផ្លាញរចនាសម្ព័ន្ធ ទាំងស្រុង រួមទាំង ធនធានមនុស្ស។ ប៉ុន្តែដោយសារមានការតស៊ូរបស់ថ្នាក់ដឹកនាំបក្សប្រជាជន ជាពិសេសក្រោមការតស៊ូ ដឹកនាំសម្តេចតេជោ ហ៊ុន សែន ដែលលោក បានលះបង់ខ្ពស់ដោយដាក់ជីវិតជាដើមទុន ដើម្បីប្តូរយកពាក្យ «សន្តិភាព» ជូនដល់ប្រជាជនទាំងមូល។

៤៖ លោកធ្វើការពន្យល់អំពីពាក្យ «អរគុណសន្តិភាព»

៥៖ ធ្វើការរំលឹកអំពីគោលនយោបាយសំខាន់ៗរបស់បក្សបានដាក់ចេញ រួមមាន ៖ មនុស្ស ទឹក ភ្លើង ផ្លូវ ដោយក្នុងនោះ លោកធ្វើការពន្យល់អំពីគោលការណ៍នីមួយៗ ជូនដល់ប្អូនៗ ឲ្យបានជ្រាបបន្ថែម។

៦៖ បន្តចែករំលែកបទពិសោធន៍ល្អៗ ពាក់ព័ន្ធទៅនឹងការអនុវត្តការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

៧៖ បន្តលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ក្រៅពីកាតព្វកិច្ចជួយដល់ការងារបក្ស ប្អូនៗត្រូវចូលរួមលើកកម្ពស់ការងារសង្គមឲ្យបានច្រើន ជាពិសេសលើការងារ សំអាតបរិស្ថាន ដាំដើមឈើនៅទីសាធារណៈ មានដូចជានៅសាលារៀន និងវត្តអារ៉ាមជាដើម ដើម្បីទុកជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងជាគំរូល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។

៨៖ ធ្វើការពន្យល់អំពីរចនាសម្ព័ន្ធ និងរបៀបរបបក្នុងការបំពេញការងារ របស់យុវជនគណបក្សប្រជាជនកម្ពុជា ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កណ្តាល។

ជាមួយគ្នានេះ លោក កៅ ថាច ផ្តាំផ្ញើឲ្យប្អូនៗយុវជន ចូលរួមអនុវត្ត បីកុំ និងបីការពារ និងជៀសវាង កុំឲ្យឆ្លងកូវីដ-១៩។

ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី លោក កៅ ថាច បានធ្វើការឧបត្ថម្ភ នូវថវិកាមួយចំនួន ជូនដល់គណបក្សឃុំដើម្បីរៀបចំកម្មវិធី និងយុវជនគណបក្សទាំងអស់ ដែលមានវត្តមាន ក្នុងម្នាក់ចំនួន២ម៉ឺនរៀល៕