(រតនគិរី)៖ អាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានសហការជាមួយមន្ទីរបរិស្ថានខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកផ្សារទំនើបស៊ីត្រា បើកយុទ្ធនាការសម្អាតបរិស្ថាន និងសោភ័ណភាពទីក្រុង។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ងិន ណែល អភិបាលក្រុងបានលុង, លោក ព្រីន សំបូរ អនុប្រធានមន្ទីរបរិស្ថានខេត្ត និងលោក ង៉ូវ សេរីរ័ត្ន ម្ចាស់ផ្សារទំនើបស៊ីត្រា។

ក្នុងយុទ្ធនាការសម្អាតបរិស្ថាន អនាម័យនេះដែរ លោក ង៉ូវ សេរីរ័ត្ន បានឱ្យដឹងថា បុគ្គលិកមកពីគ្រប់ផ្នែកប្រមាណ១០០នាក់ បានសហការជាមួយកម្លាំងមន្ទីរបរិស្ថាន, កម្លាំងយុវជន ស.ស.យ.ក, កម្លាំងយុវជន ស.យ.ស.ស, អាជ្ញាធរសង្កាត់ឡាបានសៀក និងសង្កាត់បឹងកន្សែង ជាច្រើននាក់។

លោក ង៉ូវ សេរីរ័ត្ន បានបញ្ជាក់ថា «យុទ្ធនាការខាងលើនេះ គឺធ្វើឡើងក្នុងគោលបំណងបំផុលចលនាឱ្យមានការយល់ដឹងអំពីការសម្អាតអនាម័យដូចជាតាមផ្លូវសាធារណៈ, តាមមុខផ្ទះ, មុខមន្ទីរអង្គភាពឱ្យបានស្អាតជាប្រចាំដើម្បីឱ្យក្រុងបានលុង របស់យើងប្រែក្លាយមុខមាត់ថ្មីទាក់ទាញអ្នកទេសចរណ៍ជាតិ-អន្តរជាតិ មកកម្សាន្តប្រកបដោយផាសុខភាពដូចការលើកឡើងថា ការរស់នៅស្អាតអនាម័យសុខភាពល្អ, ទីក្រុងស្អាតផ្តើមពីយើងទាំងអស់គ្នា, សម្អាតបរិស្ថាន និងសោភ័ណភាពទីក្រុង និងបរិស្ថានស្អាត ដើម្បីអនាគតយើង»

ក្នុងឱកាសខាងលើនេះដែរ អភិបាលក្រុងបានលុង បានលើកឡើងថា ដោយអនុវត្តតាមគោលការណ៍របស់លោក ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី ក្នុងរយៈពេល៣ខែ គ្រប់មន្ទីរអង្គភាពនានា ក្នុងខេត្តត្រូវសម្អាតអនាម័យ ឱ្យបានស្អាតជានិច្ចជាគំរូដល់ប្រជាពលរដ្ឋ។

បន្ថែមលើនេះទៀត លោក ងិន ណែល បានបញ្ជាក់ថា ផ្សារទំនើបស៊ីត្រា តែងតែចូលរួមជាមួយអាជ្ញាធរ ក្នុងការលើកកម្ពស់សោភ័ណភាពក្នុងក្រុងបានលុងផងដែរ៕