(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានថ្លែងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១ រកឃើញមានផ្ទុកមេរោគកូវីដ១៩ មិនអនុញ្ញាតឲ្យចូលប្រឡងឡើយ ហើយចំពោះបេក្ខជនណា ដែលមិនបានប្រឡង១វិញ្ញាសា ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។
លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ករណីបេក្ខជនវិជ្ជមានកូវីដ១៩ ត្រូវទៅទទួលការព្យាបាលស្របតាម វិធានវេជ្ជសាស្ត្រ និងមិនអនុញ្ញាតឲ្យចូលប្រឡងឡើយ ដើម្បីចៀសវាងចម្លងជំងឺនៅក្នុងមណ្ឌលប្រឡង។ ជាមួយគ្នានេះ តាមយន្តការបច្ចេកទេសឆ្នាំកន្លងមក ចំពោះបេក្ខជនអវត្តមានចាប់ពី ១វិញ្ញាសារឡើងទៅ ដោយមូលហេតុបុគ្គល ត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ»។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។
សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕