(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចំនួន១៥ករណីដែលជាករណីនាំចូល ធ្វើឱ្យចំនួនឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីនេះ កើនឡើងចំនួន៣១ករណី។
ការបញ្ជាក់ឱ្យដឹងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសសម្តេចបានអញ្ជើញទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។ សម្តេចតេជោបានឱ្យដឹងយ៉ាងដូច្នេះថា៖
«នៅថ្ងៃនេះ ករណីឆ្លងជំងឺកូវីដ១៩ថ្មី មានរហូតទៅដល់១៥ករណី ហើយ១៥ករណីនេះ គឺសុទ្ធសឹងតែជាការនាំចូលទាំងអស់ ហើយគឺជាប្រភេទ (អូមីក្រុង) តែម្តង ប៉ុន្មានថ្ងៃរួចមកហើយ ការឆ្លងរបស់យើងនៅសល់៣ ឬ៤ករណី ឬ៥ករណីហើយករណីភាគច្រើន គឺករណីនាំចូល»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា បច្ចុប្បន្ននេះស្ទើរតែមិនមានឆ្លងក្នុងសហគមន៍ ក៏ប៉ុន្តែអកុសលជំងឺកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នេះ បានរាតត្បាតចូលមកដល់ក្នុងប្រទេសកម្ពុជា មាន ចំនួន ៣១ករណី។ ដោយឡែកតែករណីថ្ងៃនេះ គឺមានរហូតទៅដល់១៥ករណីតែម្តង។
បើតាមប្រមុខនៃរាជរដ្ឋាបាលកម្ពុជា បានឱ្យដឹងថា នៅក្នុងចំណោម៣១ករណីនេះ គឺមានអ្នកជំងឺ៣ករណីបានជាសះស្បើយ ដូច្នេះសម្តេចបានយកឱកាសនេះ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្ន ក៏ប៉ុន្តែ មិនត្រូវភ័យស្លន់ស្លោនោះទេ យើងត្រូវរួមគ្នាដើម្បីទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគបំប្លែងថ្មី «អូមីក្រុង» នេះកុំឱ្យឆ្លងទៅក្នុងសហគមន៍។
នេះជាបញ្ជាក់ន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅលើពិភពលោកនេះមានករណីឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួន «អូមីក្រុង» នេះ នៅតាមបណ្តាប្រទេសជាច្រើនរួចមកហើយ ក៏ប៉ុន្តែ ជាជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីនេះ មិនសាហាវដូចជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី Delta នោះទេ គឺអាចព្យាបាលបាន ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងប្រទេសកម្ពុជា ពេលនេះគឺសុទ្ធសឹងតែនាំចូលតាមច្រកព្រលានយន្តហោះទាំងនៅភ្នំពេញ និងនៅសៀមរាប ដូច្នេះ យើងកំពុងគ្រប់គ្រងនូវស្ថានការណ៍នេះ មិនទាន់ឱ្យធ្លាយចូលទៅក្នុងសហគមន៍ សូមប ងប្អូនជនរួមជាតិប្រុងប្រយ័ត្ន អំពីការឆ្លង អូមីក្រុងចូលទៅក្នុងសហគមន៍ ព្រោះវាមានកម្រិតនៃការឆ្លងឆាប់រហ័សលឿនជាង Delta អាល់ហ្វា។
បើតាមសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ការកើនឡើងវិញនូវការឆ្លងចាប់ពី៤ ករណី ៥ករណីឡើងរហូតដល់១៥ករណី ដែលនឹងប្រកាសនៅថ្ងៃស្អែកនេះ សុទ្ធតែជាករណីឆ្លងនាំចូល ហើយជាករណី អូមីក្រុង ដែលកំពុងតែធ្វើការត្រួតត្រាបាន ហើយសង្ឃឹមថា អូមីក្រុង នឹងមិនហ៊ាចូលទៅក្នុងសហគមន៍ ដូចជា Delta និង អាល់ហ្វា នោះទេ»៕