(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដែលជាថ្ងៃទី១ នៃដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានបញ្ជាក់ថា ការប្រឡងបាក់ឌុប ដែលរៀបចំដោយក្រសួងអប់រំ នៅឆ្នាំ២០២១នេះ គឺគោរពតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លារភាព និងគួរឲ្យទុកចិត្តបាន។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា តម្លៃសញ្ញាបត្របាក់ឌុបឆ្នាំ២០២១នេះ គឺមានតម្លៃដូចគ្នានឹងសញ្ញាបត្រឆ្នាំប្រឡងមុនដែរ គឺមិនមែនជាសញ្ញាបត្រអន់ ឬជាសញ្ញាបត្រកូវីដនោះទេ។ សម្រាប់កម្រិតវិញ្ញាសាប្រឡង គឺមានស្តង់ដាដូចទៅនឹងវិញ្ញាសាឆ្នាំៗកន្លងទៅដែរ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះសីសុវត្ថិ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនចង់បង្កើតឲ្យសិស្សថ្នាក់ទី១២ ដែលប្រឡងឆ្នាំនេះ មានភាពតូចចិត្តថា គេបង្អាប់គាត់ថា សញ្ញាបត្រកូវីដឡើយ មិនចង់ឲ្យមានការរើសអើង ឬក៏អារម្មណ៍ថាឆ្នាំនេះ អត់ជាងឆ្នាំមុនៗជាដើម ដូច្នេះក្រសួងមានគោលដៅថា ត្រូវតែបង្កលក្ខណៈឲ្យគាត់ ដោយសារតែគាត់ជួបប្រទះនូវបញ្ហាជីវភាព ទាំងការលំបាកលើការរៀនសូត្ររួចមកហើយ ដូច្នេះបើមានបន្ទុកមួយទៀតគេបង្អាប់គាត់ថា សញ្ញាបត្រឆ្នាំនេះអន់ សញ្ញាបត្រកូវីដ ធ្វើឲ្យសិស្សកាន់តែបាក់ទឹកចិត្ត យើងមិនចង់បង្កើតជាចិត្តសាស្ត្រមួយ ដើម្បីឲ្យគាត់បាក់ទឹកចិត្តទេ ដូច្នេះសញ្ញាបត្រឆ្នាំនេះក៏ដូចជាសញ្ញាបត្រឆ្នាំមុនៗដែរ គឺជាសញ្ញាបត្រមួយដែលមានតម្លៃ គោរពទៅតាមគោលការណ៍របស់ក្រសួង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លារភាព និងគួរឲ្យទុកចិត្តបាន ដើម្បីកុំម្ចាស់ក្រុមហ៊ុនក្តី ឬសាលាដែលត្រូវជ្រើសរើស ក្នុងការរៀនបន្តក្តីមានការរើសអើង កុំឲ្យមានអារម្មណ៍អន់ចិត្ត»

លោកបន្តថា បើទោះបីជាឆ្នាំនេះ មានការបិទសាលាដោយសារវិបត្តិជំងឺកូវីដ១៩ក្តី ក៏ក្រសួងអប់រំផ្តល់អាទិភាពខ្ពស់ ទៅដល់ថ្នាក់ទី៩ និងថ្នាក់ទី១២ ឲ្យខិតខំរៀនសូត្រ រួមទាំងពេលបើកសាលារៀនឡើងវិញផងដែរ ដែលធ្វើឲ្យពួកគាត់មានឱកាសច្រើនក្នុងការសិក្សា។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងសម្រុកចាក់វ៉ាក់សាំងជូនដល់គ្រូៗ សិស្សានុសិស្ស ស្ទើរតែ១០០ភាគរយ បានផ្តល់ឱកាសឲ្យក្រសួងអាចរៀបចំដំណើរការប្រឡងបាក់ឌុបនៅពេលនេះ។ ហើយការប្រឡងនេះ ត្រូវគោរពឲ្យម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ដើម្បីបង្ការនូវការរីករាលដាលនៃជំងឺកូវីដ១៩។

សូមជម្រាបថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់ ដោយមណ្ឌលប្រឡងមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់។

ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕