(ភ្នំពេញ)៖ រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ របស់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការកំណត់កាលបរិច្ឆេទ និងរបៀបវារៈកិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ ក្រោមអធិបតីផាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

យោងតាមសេចក្តីប្រកាសរដ្ឋសភាបានឱ្យដឹងថា សម្រាប់កិច្ចប្រជុំពេញអង្គខាងមុខនេះ រដ្ឋសភានឹងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣រួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម
២៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ៕