(ភ្នំពេញ)៖ បើគិតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល២៣ឆ្នាំហើយ ដែលកម្ពុជា រកបានសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានបែកបាក់តាំងពីក្រោយចក្រភពអង្គរ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩៨។

ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះឈ្នះ ជាទស្សនៈវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ការបញ្ចប់សង្គ្រាម មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេ ដូចនេះទើបនៅក្នុងដំណើរការអនុវត្តការបញ្ចប់សង្គ្រាមទាមទារការដឹកនាំដែលប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួមជាមួយគ្នា ព្រោះព្រឹតិ្តការណ៍ មានការប្រែប្រួលយ៉ាងគំហុកបំផុត។

ដូច្នេះដើម្បីអបអរសាទរទិវានេះ ក្រសួងការពារជាតិកម្ពុជា នឹងប្រារព្ធពិធីឲ្យអធិកអធមនៅក្នុងបរិវេណវិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី៣០ រហូតដល់យប់រំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីអបអរសាទរខួប២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃទិវានយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួបលើកទី៣ នៃការដាក់ឱ្យដំណើរការជាសាធារណៈវិមានឈ្នះឈ្នះ។

ការប្រារព្ធពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេនវិមានឈ្នះឈ្នះ ដែលស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ខណៈពិធីនេះនឹងមានការរៀបចំស្តង់តាំងពិព័រណ៌របស់សមិទ្ធផលនានា នៅតាមបណ្តាអង្គភាពនានាចំណុះឱ្យក្រសួងការពារជាតិ ព្រមទាំងមានការបាញ់កាំជ្រួច ដើម្បីបង្ហាញពីការអបអរសាទរនៃទិវាដ៏សំខាន់សម្រាប់មាតុភូមិកម្ពុជា។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ បានឱ្យដឹងថា នៅក្នុងឱកាសប្រារព្ធពិធីខាងលើនេះនឹងមានការបង្គុំតន្រ្តី បាញ់កាំជ្រួច និងពិធីកម្សាន្តនានាជាច្រើនទៀត ដើម្បីអបអរសាទរ ខួបខាងលើនេះ បន្ទាប់ពីអាក់ខានមួយឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានរំឮកអំពីអត្ថន័យនៃសំណង់វិមានឈ្នះឈ្នះផងដែរថា វិមាននេះ គឺជាកំពូលវិមានដែលមានជ្រុងបីតំណាងឱ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣ នាំឱ្យនយោបាយឈ្នះឈ្នះទទួលបានជោគជ័យ រួមមាន៖

*ទី១៖ ការធានារូបកាយ និងអាយុជីវិត
*ទី២៖ ធានាអាជីព និងមុខរបរ
*ទី៣៖ ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ)។

ដោយឡែកតួវិមានដែលមានជ្រុង៥ តំណាងឱ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់។ តួវិមានមានជ្រុងប្រាំពីរ តំណាងកត្តានាំឱ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។ នៅជាប់លើវិមានមានឆ្លាក់សិលាចារឹកចំនួន២ផ្ទាំង គឺសិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។

អត្ថន័យនៃការកសាងវិមានឈ្នះ-ឈ្នះ គឺដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយតរៀងទៅ។ សិលាចរឹកផ្ទាំងទី២ បង្ហាញអំពីការបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរសជនដែលកសាងថែទាំ ការពាររួមទាំងការអំពាវនាវរបស់សប្បុរសជនទាំងឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។

យ៉ាងណាក៏ដោយ នៅក្នុងឱកាសប្រារព្ធពិធីយ៉ាងអធិកអធមខួប២៣ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះ និងខួបលើកទី៣ នៃការដាក់ឱ្យដំណើរការជាសាធារណៈនៃវិមានឈ្នះឈ្នះនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលនឹងចូលទស្សនាកម្សាន្តគប្បីត្រូវធ្វើជាម្ចាស់ការដោយខ្លួនឯង ពោលគឺត្រូវបន្តគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងកិច្ចការពារ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» នេះតែម្តង។

គួររំលឹកថា សំណង់វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ។ សំណង់វិមានឈ្នះ-ឈ្នះ ត្រូវបានចាត់ទុកជាសំណង់និមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ បន្ទាប់ពីបើកឱ្យទស្សនាជាផ្លូវការកាលពីចុងខែធ្នូ ឆ្នាំ២០១៨ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» បានទទួលភ្ញៀវចូលទស្សនា ដើម្បីបានស្វែងយល់ពីប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ៕