(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមបើកប្រអប់វិញ្ញាសារជូនបេក្ខជនដែលមកចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យកោះកុង។

លោកស្រី មិថុនា ភូថង បានផ្តាំផ្ញើថា «បេក្ខជនទាំងអស់ កុំមានការភិតភ័យ ហើយត្រូវតាំងចិត្តបញ្ចេញសមត្ថភាពចំណេះដឹងពិតប្រាកដ ដែលខ្លួនបានសិក្សារៀនសូត្រនាពេលកន្លងមក ដើម្បីទទួលបានជោគជ័យ»។

លោកស្រីផ្តាំថា «បេក្ខជនទាំងអស់ចាំបាច់គោរពអនុវត្តន៍បទបញ្ជាបទក្នុងឲ្យបានល្អប្រសើរ ចៀសវាងប្រព្រឹត្តខុសឆ្គង ហើយថ្ងៃជាថ្ងៃប្អូនៗ ក្មួយៗ ព្យាយាមសិក្សាអស់រយៈជាង១០ឆ្នាំមកហើយ ដូច្នេះថ្ងៃនេះ ប្អូនៗ ក្មួយៗ ត្រូវបញ្ចេញសមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ ជូនឪពុកម្តាយ និងដើម្បីស្វែងរកអនាគតទៅថ្ងៃមុខ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចំរើន»។

មន្ទីរអប់រំខេត្តកោះកុង បានឲ្យដឹងថា នៅក្នុងខេត្តមានមណ្ឌលប្រឡង២ បន្ទប់៤០ បេក្ខជនប្រឡង៩៨១នាក់ ដែលមណ្ឌលទី១ នៅសាលាវិទ្យាល័យកោះកុង និងមណ្ឌលទី២ នៅសាលាអនុវិទ្យាល័យជា ស៊ីម ស្មាច់មានជ័យ៕