(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

ការផ្តាំផ្ញើបបែបនេះ របស់អភិបាលខេត្តកំពង់ធំ បានធ្វើឡើងនៅក្នុងឱកាសលោកបានចូលរួមពិនិត្យនិងបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (BacII) នៅមណ្ឌលប្រលងវិទ្យាល័យវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោក ងួន រតនៈ បានថ្លែងថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកបានបន្តថា ចំពោះប្អូនៗជាបេក្ខជនបេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។

តាមការបញ្ជាក់របស់បេក្ខជនបេក្ខនារីខ្លះបានលើកឡើងថាពួកគេមានសង្ឃឹមក្នុងការប្រឡងដោយសារការសិក្សាររៀនសូត្របានច្រើនជាងឆ្នាំមុនហើយតំបន់គ្មានហានិភ័យបានចូលរៀនជាបន្តបន្ទាប់ និងរៀនតាមប្រព័ន្ធអនឡាញផង។

តាមការបញ្ជាក់របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឱ្យដឹងថា នៅខេត្តកំពង់ធំ មានមណ្ឌលប្រឡងចំនួន១០មណ្ឌល បានបើកឱ្យដំណើរការប្រឡងជាធម្មតាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ហើយមាន ១៩៥បន្ទប់ ក្នុងនោះមានមណ្ឌលប្រឡង ផ្នែកវិទ្យាសាស្រ្ត ចំនួនពីរមណ្ឌល ស្មើ៥១បន្ទប់ មានបេក្ខជនប្រឡង សរុបចំនួន១,២៤១នាក់ និងមណ្ឌលផ្នែកសង្គម មានចំនួន ៨មណ្ឌល ស្មើ១៤៤បន្ទប់ មានបេក្ខជនប្រឡងសរុប ៣,៥៩៥នាក់៕