(ភ្នំពេញ)៖ បន្ទាប់ពីសង្កេតឃើញម្ចាស់រថយន្តមួយចំនួននៅតែគឃ្លើនដឹកលើសទម្ងន់កំណត់ដោយមិនអាសូរផ្លូវនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិធានការក្តៅចំពោះរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី២០ភាគរយឡើង ដោយឃាត់រថយន្តទុកមួយឆ្នាំ គ្មានការលើកលែងនោះឡើយ។

យោងតាមសេចក្តីជូនព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ទោះបីជាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ជាពិសេសសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ ក៏នៅតែសង្កេតឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូច នៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ។

ក្នុងសេចក្តីជូនព័ត៌មាននេះ ក្រសួងបានបញ្ជាក់ទៀតថា រថយន្តដែលផ្ទុកលើសទម្ងន់កម្រិតកំណត់ចំនួន ២២៩គ្រឿង ដែលបានឃាត់ទុករយៈពេល១ឆ្នាំ ដែលត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកលែងបន្ធូរបន្ថយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក៏នៅតែបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០ភាគរយ ធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ហើយត្រូវបានមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន បង្ក្រាប និងស្ទាក់ចាប់បានចំនួន ៧៥គ្រឿង។

ក្នុងបំណងពង្រឹងវិធានការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផលល្អនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកសាជាថ្មីដល់ម្ចាស់រថយន្តដឹកជញ្ជូនដូចខាងក្រោម៖

១៖ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសេចក្តីជូនដំណឹងលេខ ០៤៩សជណ.សក.គតលទំ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

២៖ ម្ចាស់រោងចក្រផលិតស៊ីម៉ងត៍ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ត្រូវធ្វើការណែនាំដល់អ្នកបើកបររថយន្តរបស់ខ្លួនឱ្យផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ មុនពេលដឹកជញ្ជូនទំនិញចេញពីចំណុចគោលដៅដើមទីនីមួយៗ។

៣៖ ក្នុងករណីនៅតែបណ្តែតបណ្តោយឱ្យអ្នកបើកបរ ឬចរាចរណ៍រថយន្តផ្ទុកទម្ងន់លើសកម្រិតកំណត់ ជាពិសេសការផ្ទុកទម្ងន់លើសពី ២០(ម្ភៃ)ភាគរយ ឡើងទៅ ធ្វើចរាចរណ៍នៅតាមបណ្តាញផ្លូវថ្នល់ នឹងត្រូវឃាត់ទុករថយន្តក្នុងរយៈពេល១(មួយ)ឆ្នាំ ស្របតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដោយគ្មានការលើកលែងតទៅទៀតឡើយ។

៤៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នឹងចូលរួមផ្តល់កិច្ចសហការជាមួយគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ដើម្បីចាត់វិធានការបង្ក្រាបបទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តនីមួយៗ។

៥៖ ការចូលរួមគោរពប្រតិបត្តិ និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវរបស់ប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ជាចំណែកដ៏សំខាន់មួយដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ធន់ជាប់តាមអាយុកាលបច្ចេកទេស និងរួមចំណែកកាត់បន្ថយថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់ ក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិជំងឺកូវិត(Covid-19)។

ក្នុងសេចក្តីជូនព័ត៌មាននេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សង្ឃឹមជឿជាក់ និងអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាមការក្រើនរម្លឹកសារថ្មីនៃសេចក្តីជូនដំណឹងនេះ ឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕