(ភ្នំពេញ)៖ សំណុំរឿង០០៤ ប្រឆាំងនឹង យឹម ទិត្យ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ដោយសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសេចក្តីសម្រេចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បង្គាប់ឱ្យយកសំណុំរឿង០០៤ ទៅបោះត្រា និងដាក់បញ្ចូលក្នុងបណ្ណសារដ្ឋាន។

ការបង្គាប់របស់សហចៅក្រមស៊ើបអង្កេតនេះ បានធ្វើឡើង១ថ្ងៃប៉ុណ្ណោះក្រោយអង្គជំនុំជម្រះតុលាការកំពូលនៃ (អ.វ.ត.ក) បានចេញសេចក្តីសម្រេចបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិបញ្ជូនរឿង ០០៤ ប្រឆាំងនឹង យឹម ទិត្យ ទៅជំនុំជម្រះ។

នៅក្នុងដីការបស់ខ្លួនសហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ម៉ៃឃើល ប៊ូឡិនឌ័រ បានយោងលើការសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលប្រកាសថា សំណុំរឿងប្រឆាំងនឹង យឹម ទិត្យ ត្រូវបានបញ្ចប់។ ក៏ប៉ុន្តែអង្គជំនុំជម្រះមិនបានបញ្ជាជាផ្លូវការដោយខ្លួនឯងឱ្យបោះត្រា និងតម្កល់ក្នុងបណ្ណសារដ្ឋាននូវសំណុំរឿងនេះទេ។

សហចៅក្រមស៊ើបអង្កេតទាំងពីរបានរំឭកឡើងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មេធាវី យឹម ទិត្យ បានដាក់សំណើទៅកាន់សហចៅក្រមស៊ើបអង្កេតសុំបិទបញ្ចប់ និងបោះត្រា ព្រមទាំងដាក់ក្នុងបណ្ណសារដ្ឋាននូវសំណុំរឿង លែងមានសុពលភាពត្រឹមកម្រិតពាក់ព័ន្ធនឹងសំណើសុំបិទបញ្ចប់។

សហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក ម៉ៃឃើល ប៊ូឡិនឌ័រ បានលើកឡើងទៀតថា ផ្អែកតាមសេចក្តីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល ការិយាល័យសហចៅក្រមស៊ើប អង្កេតមានយុត្តាធិការក្នុងការបោះត្រា និងតម្កល់ជាផ្លូវការក្នុងបណ្ណាសារដ្ឋាន អនុលោមតាមវិធានផ្ទៃក្នុងទី៦៩ (២) (ខ) ដែលអនុវត្តដូចគ្នាក្នុងករណីមានដីកាបញ្ចប់សំណុំរឿង ដែលមិនមែនជាដីកាលើកលែងការចោទប្រកាន់ តាមខ្លឹមសារធម្មតានៃវិធានផ្ទៃក្នុងទី៦៧ (៣) (ក)។

ផ្អែកតាមសម្អាងហេតុខាងលើទាំងនេះ សហចៅក្រមស៊ើបអង្កេតទាំងពីរបានប្រកាសថា សំណើសុំឱ្យបិទបញ្ចប់សំណុំរឿងដែលត្រូវបានស្នើសុំលែងមានសុពលភាព និងបង្គាប់ឱ្យយកសំណុំរឿង ០០៤ ទៅបោះត្រា និងដាក់បញ្ចូលក្នុងបណ្ណសារដ្ឋាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំបញ្ជូនសំណុំរឿង ០០៤ ប្រឆាំងនឹង យឹម ទិត្យ ទៅជំនុំជម្រះ។

ដោយទទួលបានសំឡេងជាឯកច្ឆ័ន្ទ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចថា «បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិស្តីពីការខកខានរបស់អង្គបុរេជំនុំជម្រះ ក្នុងការបញ្ជូនសំណុំរឿង០០៤ ទៅជំនុំជម្រះ ដូចបានតម្រូវដោយក្របខណ្ឌគតិយុត្តរបស់អ.វ.ត.ក» អាចទទួលយកបាន ក្នុងផលប្រយោជន៍យុត្តិធម៌។

ពាក្យស្នើសុំត្រូវបានពិចារណាដោយចៅក្រមភាគច្រើននៃអង្គជំនុំជម្រះ ដែលផ្តល់ ភាពច្បាស់លាស់និងភាពជាក់លាក់ផ្នែកច្បាប់រួមមាន៖

*ទី១៖ បានបដិសេធការយល់ឃើញរបស់សហព្រះរាជអាជ្ញាអន្តរជាតិដែលថា សំណុំរឿង ០០៤ គួរត្រូវបញ្ជូនទៅជំនុំជម្រះ ដោយកត់សម្គាល់ថា សហចៅក្រមស៊ើបអង្កេត និងអង្គបុរេជំនុំជម្រះ មិនបានចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង យឹម ទិត្យ អនុលោមតាមវិធាន ៧៩(១) នៃវិធានផ្ទៃក្នុង។
*ទី២៖ បានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង ០០៤ នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្តីពិចារណារបស់ខ្លួន។
និងទី៣៖ បានបញ្ជាក់បំភ្លឺថា សំណុំរឿង ០០៤ ត្រូវបានបញ្ចប់ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។

នៅក្នុងយោបល់ជំទាស់ដោយឡែករបស់គាត់លោកស្រីចៅក្រម Maureen Harding Clark បាន សន្និដ្ឋានថា ១«សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះពុំមានសុពលភាព និងគួរត្រូវបានច្រានចោដោយសារវាពុំមានសនិទានភាព […]» ហើយគួរបញ្ចប់កិច្ចដំណើរការនីតិវិធីប្រឆាំងនឹង យឹម ទិត្យ៕