(ភ្នំពេញ)៖ ក្រុមបញ្ញវន្តខ្មែរដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក ប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញលិខិតទាមទារឱ្យលោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ធ្វើការសុំទោសជាសាធារណៈចំពោះការប្រមាថដល់សញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត។

ក្នុងការលិខិតចំហររបស់ខ្លួន បណ្ឌិតដែលរៀននៅក្រៅប្រទេសប្រមាណ២៤រូប បានចាត់ទុកថា ការធ្វើការវាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេស ដែលធ្វើឡើងដោយ លោក សម រង្ស៉ី បានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ពួកគេ។

លិខិតចំហររបស់ ក្រុមបណ្ឌិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លើកឡើងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការវាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេស របស់និស្សិតកម្ពុជាថា ជាសញ្ញាបត្រ ប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់»

ប្រតិកម្មរបស់ក្រុមបណ្ឌិតដែលរៀននៅក្រៅប្រទេស បានកើតឡើងបន្ទាប់ពី លោក សម រង្ស៉ី កាលពីពេលថ្មីៗនេះ បានលើកឡើងថា សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy) ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រក្រោមស្តង់ដារ។ ការវាយប្រហារដោយការបំភ្លៃព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆន្ទជ្រើសតាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត។

លិខិតចំហររបស់ ក្រុមបណ្ឌិត បានបញ្ជាក់បន្ថែមថា «ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ដែលបានជំនះរាល់ឧបសគ្គនានា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។ លើសពីនេះ ការថ្លែងបែបនេះពិតជាបានប៉ះពាល់ដល់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ដែលយើងខ្ញុំបានសិក្សាក្រេបយក ចំណេះដឹងផងដែរ»

បន្ទាប់ពីបានសម្តែងការសោកស្តាយហើយនោះ ក្រុមបញ្ញវន្តខ្មែរទាំងនោះក៏បានស្នើឱ្យ លោកសម រង្ស៉ី ឱ្យធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះការលើកឡើងដែលគ្មានភស្តុតាង និងទំនួលខុសត្រូវពីគុណភាពអប់រំដែលពួកគេទទួលបាននៅក្រៅប្រទេស ដើម្បីបង្ហាញពីគំរូវីរភាពដល់អ្នកដឹកនាំជំនាន់ក្រោយ។

ទន្ទឹមនេះ ក្រុមបញ្ញវន្តខ្មែរទាំងនោះក៏បានប្រកាសគាំទ្រចំពោះសារ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើងនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយស្នើអ្នកនយោបាយខាងលើបញ្ចាក់ពី អំណះអំណាង ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទស។

លោក ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានចេញសារពិសេសមួយជាថ្មីម្តងទៀតផ្ញើជូន លោក សម រង្ស៉ី អ្នកនយោបាយចាស់វស្សា ដើម្បីឱ្យបញ្ជាក់ភស្តុតាង និងបបួលភ្នាល់ជុំវិញការព្យាយាមបង្ខូចកិត្តិយសសញ្ញាបត្រសាលាបណ្ឌិតសភាយោធាអាមេរិក។

រហូតមកដល់រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ លោក សម រង្ស៉ី មេក្រុ មប្រឆាំងក្រៅច្បាប់ នៅតែមិនទាន់បង្ហាញប្រតិកម្មណាមួយចំពោះការបបួលភ្នាល់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅឡើយទេ។

ជុំវិញករណីនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៩ ក៏បានចេញមុខការពារដល់ សញ្ញាបត្រថ្នាក់ឧត្តមសិក្សាទាំងអស់ ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សានានា នៅសហរដ្ឋអាមេរិកដែរ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារអំពីគុណភាពសញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលផ្តល់ដោយ សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។

អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ប្រាប់ Fresh News តាម Email ថា ជនទាំងឡាយ ដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ។

«អ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន។ ប្រទេសកំណើតរបស់និស្សិត គឺមិនមែនជាបញ្ហាឡើយ»។ នេះជាការបញ្ជាក់របស់ អ្នកស្រី Emily V. Zeeberg ដល់បណ្តាញព័ត៌មាន Fresh News៕