(ភ្នំពេញ)៖ អង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលជាអង្គការធ្វើការគាំពារខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា បានចេញមកអះអាងថា លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្ស «ខ្មែរក្រោក» និងជាជនជាប់ចោទប្លន់ ឧកញ៉ា អ៊ាន សៀវម៉ី នោះ មិនមែនជាខ្មែរកម្ពុជាក្រោមឡើយ។

ការចេញមកបញ្ជាក់របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម បានធ្វើឡើងក្រោយពេលមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផ្សាយថា លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ហ្គង់ ជាខ្មែរកម្ពុជាក្រោម។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា យោងតាមការស្រាវជ្រាវយ៉ាងល្អិតល្អន់របស់ខ្លួន គឺពុំឃើញមានសញ្ញាណាមួយបញ្ជាក់ឱ្យឃើញថា លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង មានសាវតារជាប់ពាក់ព័ន្ធដល់ស្រុកកំណើតនៅដែនដីកម្ពុជាក្រោមនោះទេ។ បន្ថែមពីលើនោះ យោងតាមការផ្ដល់បទសម្ភាសរបស់ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ដោយផ្ទាល់ជាមួយសមត្ថកិច្ច ក៏បានបញ្ជាក់ថា លោកមានស្រុកកំណើតនៅខេត្តបាត់ដំបង។

អាស្រ័យហេតុនេះ លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចំនួន៩ ជាសមាជិកសូមធ្វើសេចក្តីប្រកាសព័ត៌មានដូចតទៅ៖

ទន្ទឹមនឹងការចេញមកអះអាងថា លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង មិនមែនជាខ្មែរកម្ពុជាក្រោមហើយនោះ អង្គការសមាគខ្មែរកម្ពុជាក្រោម បានស្នើដល់សារព័ត៌មានណាដែលបានផ្សព្វផ្សាយថា លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង មានស្រុកកំណើតនៅកម្ពុជាក្រោមនោះ កែតម្រូវឡើងវិញតាមការគួរផងដែរ។

ទោះយ៉ាងណាអង្គការសមាគមខ្មែរកម្ពុជាក្រោម រង់ចាំទឡ្ហីករណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយដែលបានផ្សាយផងដែរ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយទាំងនោះមានអំណះអំណាងច្បាស់លាស់បញ្ជាក់ថា លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ជាខ្មែរកម្ពុជាក្រោម។

សូមបញ្ជាក់ថា លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅវិល្លាម ហ្គង់ ប្រធានគណបក្ស «ខ្មែរក្រោក» ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាមួយនឹងបក្ខពួកមួយចំនួនទៀត បន្ទាប់ពីបានរកឃើញថាពួកគេបានធ្វើសកម្មភាពប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យ៉ាន សុភាព បានចេញដីកាបង្គាប់ឲ្យនាំខ្លួនមេចោរប្លន់ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង និងបក្ខពួករបស់ខ្លួន ដែលពាក់ព័ន្ធករណីប្លន់នេះ ទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសនៅពេលក្រោយ។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ៕