(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមជាគោលការណ៍ឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន ៧៥៧គ្រឿង។ នៅបើតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការអនុញ្ញាតជាគោលការណ៍នេះ បានធ្វើឡើង បន្ទាប់ពីមានចំណាររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

លិខិតទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះថា៖ «សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្តេច ឯកឧត្ដមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧(ប្រាំពីររយហាសិបប្រាំពីរ)គ្រឿង របស់ ក្រសួងមហាផ្ទៃ ដែលបាននិងកំពុងប្រើប្រាស់នៅតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ ដូចមានក្នុង តារាងភ្ជាប់មកជាមួយ»