(រតនគិរី)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តរតនគិរី នាថ្ងៃឆ្លងឆ្នាំសកល២០២១ ចូលឆ្នាំ២០២២ មានចំនួនសរុប៨,៦៧៤នាក់ ដែលក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន៨,៦៤៣នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៣១នាក់។ នេះជាការបញ្ជាក់ឲ្យដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរខេត្តរតនគិរី នៅថ្ងៃទី២ ខែមករាឆ្នាំ២០២២។

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានមកកម្សាន្តខេត្តរតនគិរីនៅក្នុងឱកាសនេះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលបានឃើញការរៀបចំសោភ័ណភាព ទីក្រុង និងតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា បានយ៉ាងស្រស់ស្អាត ដោយក្នុងក្រុងបានលុងផ្ទាល់ នាពេលរាត្រី មានបំពាក់ភ្លើង LED
បំភ្លឺតាមទីសាធារណៈ យ៉ាងស្រស់ស្អាត ធ្វើឲ្យអារម្មណ៍ ភ្ញៀវទេសចរស្រស់ថ្លាអស់ទុក្ខកង្វល់ ចំណែកនៅតាមរមណីយដ្ឋានទេសចរណ៍ គេឃើញមាន ការរៀបចំការវាស់កម្ដៅ បាញ់អាល់កុល និងរៀបចំទីតាំងលក់ ប្រកបដោយអនាម័យត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានមកលេងកម្សាន្ដក្នុងឱកាសឆ្លងឆ្នាំនេះ និយមទៅលេងនៅបឹងយក្ខឡោម, បឹងលំកុដ, ទឹកធ្លាក់អូរស៊ិនលែ, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់កាទៀង ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ពេញនិយម រាល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ដនៅខេត្តរតនគិរី គឺពួកគាត់មិនដែលរំលង ក្នុងការទៅលេងកម្សាន្ដឡើយ ដោយនៅទីនោះពួកគាត់អាចងូតទឹកលេង តែងខ្លួនជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីថតរូបលេងកម្សាន្ដ ទុកជាអនុស្សាវរីយ៍ និងបរិភោគអាហារឆ្ងាញ់ៗនៅទីនោះផងដែរ។

ចំណែកពេលរាត្រីភ្ញៀវទេសចរ អាចមកអង្គុយលេងកម្សាន្ដ ស្រូបខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃលិច នៅផែមាត់បឹងកន្សែង និងបរិភោគអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ នៅតាមភោជនីយដ្ឋាននៅជុំវិញបឹងផ្ទាល់តែម្ដង ដែលពួកគាត់អាចអង្គុយបរិភោគនៅក្នុងហាងផ្ទាល់ ឬចេញមកបរិភោគនៅតាមកន្លែង ដែលរៀបចំនៅតាមមាត់បឹងកន្សែងផងដែរ ដែលនឹងញាំង អោយបរិយាកាស កាន់តែសប្បាយរីករាយមួយកម្រិតទៀត។

ដោយឡែកភ្ញៀវទេសចរខ្លះទៀត បាននាំក្រុមគ្រួសារបោះតង់ បរិភោគអាហារពេលល្ងាច នៅតាមទីតាំងមាត់បឹងទំនប់វារីអគ្គិសនីនៅជាយក្រុងបានលុង និងទីតាំងផ្សេងៗទៀតដែលមានទេសភាពស្រស់ស្អាត និងបរិយាកាសកាន់តែបរិសុទ្ធ ដើម្បីរងចាំឆ្លងឆ្នាំផងដែរ៕