(កណ្តាល)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងវែង បានរៀបចំសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៧-២០២២) ក្រោមអធិបតីភាព លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការ ទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិកគណបក្សឃុំ គណៈ សាខាភូមិ និងក្រុមការងារចុះជួយពង្រឹងឃុំត្រពាំងវែង សរុបចំនួន១០១នាក់ កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍បូកសរុប និងវាយម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សឃុំសម្រេចបានពីឆ្នាំ២០១៧-២០២២ និងទិសដៅការអនុវត្តការងារបន្ត ព្រមទាំងឧទ្ទេសនាមសមាសភាពបេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់លោស្រី យ៉ា សារឿន ប្រធានគណបក្សឃុំត្រពាំងវែង រួចមក លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារដែល គណៈកម្មាធិការគណបក្សឃុំសម្រេចបាននាពេលកន្លងមក។

ក្នុងឱកាសនេះផងដែរ លោក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនសមាជិកគណបក្សទាំងអស់ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក ម៉ម ប៊ុននាង បានបន្តផ្សព្វផ្សាយអំពីលទ្ធផលនៃសន្និបាតរបស់គណៈកម្មាធិ ការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដោយសន្និបាតបានប្រព្រឹត្តទៅក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះបុព្វហេតុជាតិ និងប្រជាជនដោយបានសម្រេចលទ្ធផលសំខាន់ៗ ជាអាទិ៍: -បោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស និងបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោក បានមានប្រសាសន៍បន្តថា គណៈកម្មាធិការកណ្តាល បានអំពាវនាវដល់គណៈ កម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រី សមាជិកនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។

លោក ម៉ម ប៊ុននាង បានអំពាវនាវដល់សមាជិកបក្សទាំងអស់ ឱ្យបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខាភិបាល សំដៅការពារមិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាថ្មីទៀតបាន និងរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ ឱ្យមានសន្ទុះរីកចម្រើនខ្លាំងក្លាឡើង។

ជាចុងក្រោយឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកគណបក្សឃុំ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំបានយ៉ាងល្អ។

ជាមួយគ្នានេះដែរ លោកបានធ្វើការផ្តាំផ្ញើដល់សមាជិកគណបក្សឃុំ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងមានទំនុកចិត្ត មានភាពជឿជាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចមូលដ្ឋាន ដែលខ្លួនគ្រប់គ្រង ព្រមទាំងជំរុញ និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕