(សៀមរាប)៖ សិក្ខាកាមជាយុវជន យុវនារី សរុបចំនួន១៦នាក់ និងបុរសម្នាក់ មកពីឃុំសង្កាត់គោលដៅ នៃក្រុង ស្រុក ក្នុងខេត្តសៀមរាប ត្រូវបានគម្រោងលាភបានអនុញ្ញាតឲ្យ សិក្សាជំនាញសាឡន រយៈពេល៦ខែ នៅសាលាបង្រៀនរក្សាសម្ផស្សរ៉ូយ៉ាល់ប៊ីយូធីនែលស្ប៉ា ខេត្តសៀមរាប ក្រោមការឧបត្ថម្ភរបស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) ខេត្តសៀមរាប។

ការសិក្សាជំនាញសាឡនរយៈពេល៦ខែនេះ ដែលចាប់ផ្តើមចូលរៀនកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ទើបបញ្ចប់ការសិក្សាជំនាញ។

សិក្ខាកាមទាំង១៦រូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ គម្រោងលាភទាំងថ្នាក់ជាតិ និងគម្រោងលាភខេត្តសៀមរាប ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគម្រោងលាភ ដំណើរការនៅខេត្តសៀមរាបនាពេលនេះ ដែលបានធ្វើឲ្យសិក្ខាកាមគ្រប់ផ្នែកបានទទួលនូវចំណេះដឹង ចំណេះធ្វើ ដើម្បីយកទៅប្រកបមុខរបរបន្ទាប់ពីសិក្សាជំនាញចប់តាមផែនការរបស់សាលានីមួយៗ។

សូមបញ្ជាក់បន្ថែមផងដែរថា គម្រោងលាភ គឺជាគម្រោងមួយរបស់រាជរដ្ឋាភិបាល ដែលមានជំនួយជាបដិភាគរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក ដើម្បីជួយដល់ប្រជាជនក្រីក្រនៅខេត្តសៀមរាប៕