(ត្បូងឃ្មុំ)៖ បន្ទាប់ពីមានស្ត្រីឈ្មោះ ស្រី ខួច ជាម្តាយរបស់កុមារាឈ្មោះ ធន់ ឌីណា អាយុ១៤ឆ្នាំ បានស្វែងរកអន្តរាគមន៍នានាតាមផ្លូវច្បាប់ ឱ្យរកយុត្តិធម៌ដល់កូនប្រុសរបស់ខ្លួន ដែលត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោសកូនរបស់គាត់ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទ «ប៉ុនប៉ងឃាតកម្ម» ដោយដាក់ថ្នាំបំពុល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សម្រេចបញ្ជូនក្រុមការងារស៊ើបអង្កេត និងមេធាវីស្ម័គ្រចិត្តការពារក្តី ជូនកុមារាម្នាក់នេះ ក្រោយមើលឃើញថាមិនមានភាពយុត្តិធម៌។

ជុំវិញករណីនេះ មហាជននៅតាមបណ្តាញសង្គម បានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពីសំណាក់តុលាការខេត្តត្បូងឃ្មុំ ដោយពួកគេលើកឡើងថា ជារឿងអយុត្តិធម៌សម្រាប់កុមារាម្នាក់នេះ ព្រោះកុមារារូបនេះជាអនីតិជននៅឡើយ។

បន្ថែមពីនេះ សម្រាប់ថៅកែ ដែលបានយកកុមារាមានអាយុ១៤ឆ្នាំ មកឱ្យធ្វើការងារឱ្យខ្លួន គឺជាការរំលោភលើកម្លាំងពលកម្មលើកុមារទៅហើយ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ថា «ក្រោយទទួលបានព័ត៌មាននេះ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារមួយ ដើម្បីចុះអង្កេតដោយផ្ទាល់នៅនឹងកន្លែង អញ្ចឹងយើងប្រមូលបានព័ត៌មានមូលដ្ឋានមួយចំនួន ក៏ប៉ុន្តែជានីតិវិធីតុលាការ យើងបានផ្តល់មេធាវីមួយរូប ដើម្បីការពារក្តីដល់អនីតិជន ព្រោះអីតុលាការ បានសម្រេចផ្តន្ទាទោសរួចហើយ អញ្ចឹងនីតិវិធីបន្ត គឺប្តឹងទៅឧទ្ធរណ៍ អញ្ចឹងទេគណៈកម្មាធិការសិទ្ធិមនុស្ស បានផ្តល់មេធាវីមួយរូប ដើម្បីការពារក្តីដល់អនីតិជនហ្នឹង ដោយឥតគិតថ្លៃ ដើម្បីតតាំងគ្នានៅឧទ្ធរណ៍ទៀត»។

លោក ជិន ម៉ាលីន បានឱ្យដឹងថា មេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបំពេញបែបបទ និងបណ្តឹងសាលាឧទ្ធរណ៍រួចរាល់អស់ហើយ អ្វីដែលនៅរង់ចាំ គឺការតតាំងក្តីគ្នានៅសាលាឧទ្ធរណ៍ ដើម្បីការពារសិទ្ធិតាមផ្លូវច្បាប
ជូនអនីតិជន។ ប៉ុន្តែសម្រាប់ការសិទ្ធិយ៉ាងណាទៀតនោះ គឺស្ថិតនៅលើឆន្ទានុសិទ្ធិរបស់តុលាការ ក៏ប៉ុន្តែ ក្រុមមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សនឹងខិតខំប្រឹងប្រែងស្វែងភស្តុតាង និងសក្តីកាមមូលដ្ឋានផ្លូវច្បាប់ឱ្យបានរឹងមាំ ក្នុងការការពារក្តី និងដោះបន្ទុករបស់អនីតិជនតាមផ្លូវច្បាប់ នៅក្នុងនីតិវិធីរបស់សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ។

សូមបញ្ជាក់ថា ក្នុងករណីនេះបានកើតឡើងនៅភូមិចម្ការថ្មី ភូមិគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយក្មេងប្រុសឈ្មោះ ធន់ ឌីណា អាយុ១៤ឆ្នាំ ត្រូវបានថៅកែចោទប្រកាន់ថា បានដាក់ថ្នាំពុលសម្លាប់គាត់ កាលពីពេលថ្មីៗនេះ ហើយត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោសតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៥១២ “ង” ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយសម្រេចផ្តន្ទាទោសលើឈ្មោះ ធន់ ឌីណា ដាក់ពន្ធនាគារកំណត់រយៈពេល ០៤ឆ្នាំ ដោយផ្តល់ស្ថានសម្រាលទោសផ្នែកតាមមាត្រា១៦០ និងមាត្រា១៦៤ នៃក្រមព្រហ្មទណ្ឌ៕