(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នាឱកាសឈប់សម្រាកបុណ្យឆ្លងឆ្នាំសកល ២០២២ និងចុងសប្តាហ៍ មានភ្ញៀវទេសចរសរុប ៤៦,៦៤២នាក់ បានធ្វើដំណើរមកទស្សនាកម្សាន្ត នៅខេត្តពោធិ៍សាត់ ក្នុងនោះតំបន់ដែលមានអ្នកទៅលេង កម្សាន្តច្រើនជាងគេ គឺផ្លូវបុប្ឆាលាក់ខ្លួន (ភ្នំ១៥០០), កោះសំពៅមាស និងសួនកម្សាន្តតាលោសែនជ័យ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល៣ថ្ងៃ នាឱកាសឈប់សម្រាកបុណ្យឆ្លងឆ្នាំសកល ២០២២ និងចុងសប្តាហ៍ គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅទូទាំងខេត្កពោធិ៍សាត់ បានទទួលភ្ញៀវទេសចរជាតិសរុប ៤៦,៦៣៦នាក់។ ដោយឡែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួនតែ៦នាក់ប៉ុណ្ណោះ។ បើប្រៀបធៀបនឹងរយ:ពេល៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២១ ភ្ញៀវមានការកើនឡើង ៣៤៥.៩០% (ឆ្នាំ២០២១ ភ្ញៀវទេសចរ មានចំនួន១០,៤៦០នាក់)។

ប្រធានមន្ទីរបន្តថា ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៧ក្រុង ស្រុក តំបន់ទេសចរណ៍ដែលមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) មានចំនួន១៧,៨៥៩នាក់, ក្រុងពោធិ៍សាត់ នៅបុរីវប្បធម៌កោះសំពៅមាស មានចំនួន១០,៩៩០នាក់ និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ មានចំនួន៩,៣០០នាក់។

បើតាមលោក សំ ឃីម បន្ថែមថា មន្ទីរនៅតែបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។

ជាមួយគ្នានោះ គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំដោយលោក ជាវ តាយ បានដាក់បទបញ្ជាដល់កងកម្លាំងមានសមត្ថកិច្ច ឱ្យខិតខំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ទាំងពេលថ្ងៃ និងយប់ ពិសេសនៅយប់ឆ្លងឆ្នាំ ដែលធ្វើឱ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព មិនមានបញ្ហាគួរកត់សម្គាល់ណាមួយកើតឡើងនោះឡើយ៕