(ភ្នំពេញ)៖ តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចចោទប្រកាន់ បុគ្គលចំនួន៩នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំធ្វើបាតុកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ពីបទញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ នេះបើតាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

មនុស្ស៩នាក់នោះ រួមមាន៖ ១. ឈឹម ស៊ីថរ, ២. រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩. ឈ្មោះ សុខ គង្គា។ ក្នុងចំណោម៩នាក់នេះ មាន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ខណៈ៣នាក់បានរត់គេចខ្លួន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ពួកគេមានការពាក់ព័ន្ធនឹងអង្គហេតុញុះញង់បំផុសបំផុលក្រុមអតីត បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានបណ្ដេញចេញ ឲ្យធ្វើសកម្មភាពបង្កចលាចល ដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឲ្យមានអសន្តិសុខដល់សង្គម ។

«បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងរួចមក អំពើដែលបានប្រព្រឹត្ត ខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ដោយផ្អែកតាមអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ៖ ញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយត្រូវបានចោទប្រកាន់ដោយអយ្យការ សំណុំរឿងជនទាំងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា នៅមុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំ បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ៕