(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងនាមជាប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រកាសផ្តល់ប្រាក់រង្វាន់ប្រមាណ ២០លានរៀលដល់ឃុំទាំងឡាយណា ក្នុងស្រុកអូររាំងឪ អាចទប់ស្កាត់ លុបបំបាត់ដោយជោគជ័យលើបទល្មើសគ្រឿងញៀន និងល្បែងស៊ីសង។ លោក អ៊ាង សុផល្លែត ក៏ប្រកាសផ្តល់ប្រាក់រង្វាន់សម្រាប់ការចាប់បានអ្នកជួញដូរ និងផលិតគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកអូររាំងឪនេះផងដែរ។

គ្រឿងញៀន ល្បែងស៊ីសង ជាបញ្ហាដ៏ចម្បងបង្កឱ្យកើតមានអសន្តិសុខ អំពើឆក់ប្លន់ ចោរកម្ម និងអំពើហិង្សានានានៅតាមមូលដ្ឋាន។ គ្រឿងញៀន និងល្បែងស៊ីសង ក៏ក្លាយជាឧបសគ្គដ៏ធំផងដែរ សម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋាននាពេលបច្ចុប្បន្ន។

បញ្ហានេះបានក្លាយទៅជាក្តីបារម្ភដ៏ធំធេងមួយសម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ក្នុងនាមជាប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ លោក អ៊ាង សុផល្លែត ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងកើតមានលើទឹកដីស្រុកអូររាំងឪផងដែរ។

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោក អ៊ាង សុផល្លែត បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងស្រុកអូររាំងឪ ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

បញ្ហាធំចំនួនពីរ គឺបទល្មើសគ្រឿងញៀន និងល្បែងស៊ីសង ត្រូវបានលើកមកជជែកពិភាក្សាជាសំខាន់ និងរកនូវដំណោះស្រាយ។ ដើម្បីជំរុញការលុបបំបាត់នូវបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងនេះ លោក អ៊ាង សុផល្លែត បានប្រកាសផ្តល់រង្វាន់សម្រាប់ការចាប់ខ្លួនអ្នកជួញដូរ និងផលិតគ្រឿងញៀន ក្នុងភូមិសាស្ត្រដែនសមត្ថកិច្ចស្រុកអូររាំងឪ។

លោកក៏បានប្រកាសផ្តល់រង្វាន់ជាប្រាក់ ២០លានរៀល សម្រាប់ឃុំដែលបន្តទប់ស្កាត់បានជោគជ័យមិនឱ្យមានការជួញដូរគ្រឿងញៀន មិនឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀន មិនឱ្យមានការផលិតគ្រឿងញៀន និងគ្មានល្បែងស៊ីសង។

បន្ថែមពីលើនោះ លោក សុផល្លែត ក៏បានប្រកាសផ្តល់រង្វាន់សម្រាប់ឃុំដែលជាប់ចំណាត់ថ្នាក់លេខមួយជាឃុំមានសុវត្ថភាពល្អ។ លោក អ៊ាង សុផល្លែត បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា អាជ្ញាធរ សមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងស្រុកអូររាំងឪ នឹងចូលរួមសហការគ្នា ដើម្បីលុបបំបាត់បទល្មើសគ្រឿង និងល្បែងស៊ីសងក្នុងស្រុកអូររាំងឪ ដែលជាឧបសគ្គដ៏ធំសម្រាប់ការរស់នៅ ការកសាងជីវភាពរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើននៅក្នុងមូលដ្ឋាន។

បើទោះបីជាយ៉ាងណា លោក អ៊ាង សុផល្លែត បានកោតសរសើរ និងគាំទ្រលើរបាយការណ៍របស់គណបក្សស្រុក និង បក្សឃុំទាំងអស់ ដែលបានរំលេចនូវខ្លឹមសារប្រកបដោយគុណភាព និងសុវត្ថិភាពភូមិឃុំស្រុកទាំងអស់។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំ។

ដោយសារតែពិភពលោកកំពុងតែរស់នៅក្នុងបរិបទកូវីដ១៩ លោក សុផល្លែត បានសំណូមពររដល់អង្គពិធិ និងប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាត ពាក់មាស់ជាប្រចាំ និងអនុវត្តវិធានការ «៣ការពារ ៣កុំ» និងរស់នៅស្អាត៕