(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានបន្ដដឹកនាំក្រុមការងារគណៈកម្មការចំពោះកិច្ច ចុះពិនិត្យមើលដំណើរការនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកចាក់វ៉ាក់សាំង ដោយក្នុងនោះមានទាំងអ្នកមកចាក់ដូសមូលដ្ឋាន, ដូសទី២ និងដូសទី៣ ឬដូសជំរុញជាដើម នៅមណ្ឌលសុខភាពស្រង៉ែ ស្រុកព្រៃឈរ និងមណ្ឌលសុខភាពអំពិល ស្រុកកំពង់សៀមផងដែរ។

លោកស្រី ឱ វណ្ណឌីន បានឆ្លៀតក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់នូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ ដើម្បីឲ្យពួកគាត់បន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំថ្ងៃ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីបានចាក់វ៉ាក់សាំងគ្រប់ចំនួន តាំងពីដូសមូលដ្ឋាន ដល់ដូសជំរុញក៏ដោយ ពោលមិនត្រូវធ្វើការធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ១៩នោះឡើយ។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ ក៏បានបញ្ជាក់អំពីការវិវឌ្ឍថ្មីនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងតែរីករាលដាល ហើយ ក្នុងនោះកម្ពុជាក៏មានរកឃើញដែរ ប៉ុន្ដែជាករណីនាំចូល ដោយមានការគ្រប់គ្រងបានយ៉ាងល្អត្រឹមត្រូវជាទីបំផុត មិនឲ្យឆ្លងចូលក្នុងសហគមន៍នោះទេ។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានដោយជោគជ័យ ក្នុងការចាក់វ៉ាក់សាំងដូសមូលដ្ឋានហើយនោះ នៅពេលនេះការចាក់វ៉ាក់សាំងក៏សម្រេចបាន ជាង៣៤ភាគរយថែមទៀតផង។

ប៉ុន្ដែទោះជាយ៉ាងណា លោកស្រីក៏បានកត់សម្គាល់ថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយសារការគិតខុស ពិសេសស្ដ្រីមានផ្ទៃពោះ ស្ដ្រីបំបៅដោះកូន និងអ្នកមានជំងឺប្រចាំកាយជាដើម។ ត្រង់ចំណុចនេះ លោកស្រី បានសង្កត់ធ្ងន់ថា ពិតណាស់ស្ដ្រីមានផ្ទៃពោះ និងបំបៅដោះកូន គឺជាអាទិភាពក្នុងការចាក់វ៉ាក់សាំងទៅវិញទេ ពោលវ៉ាក់សាំងអាចឈានទៅដល់ការផ្ដល់នូវការការពារជូនកូនថែមទៀត។

ដោយឡែក សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា ឡើងឈាម ឬទឹកនោមផ្អែម គឺត្រូវមកទទួលនូវការពិគ្រោះពីក្រុមគ្រូពេទ្យជំនាញ នៅកន្លែងទទួលចាក់វ៉ាក់សាំងដែលនៅក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕

សូមស្ដាប់កិច្ចសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន នៅខាងក្រោមនេះ៖