(មីយ៉ាន់ម៉ា)៖ មុនពេលអញ្ជើញនិវត្តន៍មកកាន់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។

ទីតាំងសម្រាប់តម្កល់រូបសំណាកព្រះពុទ្ធមហាវិទ្យានេះ ត្រូវបង្កើតឡើងដើម្បីគោរពបូជាមាន៤ចំណុចដូចជា៖ ១៖ ដើម្បីបង្ហាញភាពរីកចម្រើនរុងរឿង នៃសាសនាព្រះពុទ្ធនៅមីយ៉ាន់ម៉ាទៅកាន់ពិភពលោក, ២៖ ដើម្បីធានាបានសន្តិភាព និងស្ថិរភាពក្នុងរដ្ឋ, ៣៖ ដើម្បីបង្កើតបានការរីកលូតលាស់ នៃប្រជាជនក្នុងតំបន់ ក្នុងការចូលមកទស្សនាពីសំណាក់ធម្មយាត្រាជាតិ និងអន្តរជាតិ និង៤៖ ជួយសម្រួលដល់ការអភិវឌ្ឍន៍ជាតិ។

 នៅក្នុងឱកាសនៃការអញ្ជើញទស្សនានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ពីការចង្អុលបង្ហាញ និងការណែនាំ លើស្ថានភាពជាក់ស្តែង ក្នុងការកសាងព្រះពុទ្ធបដិមាអង្គធំ និងរម្មណីយដ្ឋានព្រះពុទ្ធបដិមាអង្គធំ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញនិវត្តន៍ចាកចេញពី រដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ារ ក្នុងដំណើរមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅអាកាសយានដ្ឋាន អន្តរជាតិណៃពិដោរ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោ និងគណៈប្រតិភូមរួមមាន លោក Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ារ លោកអភិបាលរដ្ឋធានីណៃពិដោរ លោកឈូក ប៊ុណ្ណា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់រដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត៕