(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំពិធីការបរិច្ចាគឈាម ដើម្បីទុកសម្រាប់ជួយសង្រោ្គះជីវិតមនុស្សដែលត្រូវការឈាម ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានចូលរួមបរិច្ចាកឈាមចំនួន៥០០នាក់។

យុទ្ធនាការនេះធ្វើឡើងក្រោមវត្តមានលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលផ្តល់ឈាម, លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង, លោកស្រី ជី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត, លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ រួមនឹងសប្បុរសជនយុវជន ស.ស.យ.ក មន្រី្តរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងព្រះសង្ឃផងដែរ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឱ្យដឹងថា «ដើម្បីលើកកម្ពស់ក្នុងការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃដើម្បីរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយសប្បុរសធម៌ ក្នុងយុទ្ធនាការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា។ មជ្ឈមណ្ឌលផ្តល់ឈាមបានកត្តាទុកនូវព្រឹត្តិការណ៍ដ៍សំខាន់មួយនេះ និងអរគុណជាអនេកកប្បការគាំទ្រពេញទំហឹង ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអំពាវរនាវឱ្យមានគាំទ្របន្តទៀត តាមរូបភាពក្នុងយុទ្ធនាការផ្សេងៗ ក្នុងពេលខាងមុខ»។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការបរិច្ចាគឈាម គឺតម្រូវឱ្យមានសុខភាពល្អហើយចាប់ពីអាយុ១៨ឆ្នាំ ដល់អាយុ ៦០ឆ្នាំមានទម្ងន់ពី៤៥គីឡូឡើង មានអេម៉ូក្លូប៊ីនលើសពី ១២.៥/១០០មីលីលីត្រ សម្ពាធឈាមពី ១០០mmHg /៦០mmHg ទៅ១៤០mmHg/៩០mmHg ហើយចន្លោះក្នុងពេលបរិច្ចាកឈាមរៀងរាល់៣ខែ សម្រាប់បុរសរៀងរាល់៤ខែ សម្រាប់ស្រ្តី។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា ស្ថានភាពតម្រូវឈាមក្នុងឆ្នាំ២០២១កន្លងមក គឺត្រូវការឈាមមួយប្លោក ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង តម្រូវការឈាមប្រចាំថ្ងៃសរុប ២០០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១០មុឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧០% នៃការផ្តល់ឈាម។ ការបរិច្ចាកឈាមរបស់សប្បុរសធម៌ទងអស់នេះ គឺទិកសម្រាប់ជួយសង្រ្គោះជីវិតមនុស្សដែលជួបប្រទះនៅការខ្វះឈាមដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ៕