(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នៅថ្ងៃម្សិលមិញថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ រកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ៣នាក់បន្ថែមទៀត។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃមុនខ្ញុំបាននិយាយហើយ ស្លាប់ដោយសារកូវីដ មានចំនួនតិចជាងគឺមានចំនួនតិចជាង ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ហើយ ពិតមែនតែកូវីដ ប៉ុន្មានថ្ងៃនេះវាឆ្លងដោយសារតែអូមេក្រុង ក៏ប៉ុន្តែ ចំនួនអ្នកស្លាប់គឺសូន្យករណីប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយអូមេក្រុង អីឡូវនេះ បានធ្លាយចូលសហគមន៍ ម្សិលម្ងៃ គឺ១ករណី ម្សិលមិញចូល ៣ករណីហើយ»

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បទបញ្ជាឱ្យសម្រុកចាក់ដូសទី៣ ឬដូសជំរុញ នៅតាមបណ្ដាខេត្តទាំងអស់ ដើម្បីបង្កាទប់ស្កាត់វីរុសបំប្លែងថ្មី «អូមីក្រុង» ដែលកំពុងឆ្លងចូលសហគមន៍។ ដូច្នេះ ជំងឺកូវីដ១៩ ប្រភេទអូមីក្រុងថ្មីនេះ ត្រូវបានរកឃើញក្នុងសហគមន៍ ៣នាក់បន្ថែមទៀត ដែលនាំឱ្យកើនឡើងអ្នកឆ្លងជំងឺនេះ កើនឡើងរហូត៤ករណី។ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នលើវីរុសបំប្លែងថ្មីនេះ តាមរយៈការចាក់ដូសទី៣ ទូទាំងប្រទេសឱ្យបានលឿនបំផុត។

ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងដូសទី៤ ជូនដល់ក្រុមអ្នកនៅជួរមុខ និងប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកវ៉ាក់សាំងប្រភេទ Pfizer មកចាក់ឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ដែលបានចាក់ដូសទី៣រួច ក៏អាចឡើងមកភ្នំពេញ ចាក់វ៉ាក់សាំងប្រភេទ Pfizer នេះដែរ។ មូលហេតុដែលសម្ដេច មិនអាចឱ្យយកវ៉ាក់សាំង Pfizer នេះ ទៅចាក់នៅតាមបណ្ដាខេត្តនោះ ដោយសារតែវាពិបាកដឹកជញ្ជូន ហើយខ្វះទីកន្លែងរក្សាទុកវ៉ាក់សាំងប្រភេទនេះ។

សូមបញ្ជាក់ថា ករណីរកឃើញវត្តមានអ្នកឆ្លងជំងឺកូវីដ បំប្លែងខ្លួនថ្មីប្រភេទអូមេក្រុងដំបូង លើបុរសខ្មែរវ័យ ២៣ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ បច្ចុប្បន្ន បុរសរូបនោះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក។

បើតាមក្រសួងសុខាភិបាល តាំងពីថ្ងៃទី២៧ ខែធ្នូ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២២២ បុរសរូបនេះ គាត់ធ្លាប់បានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជា រាជធានីភ្នំពេញ, ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ជាមួយបងប្អូនជីដូនមួយមកពីអូស្ត្រាលី៕