(ភ្នំពេញ)៖ សមាជិកសពអ្នកជំងឺកូវីដ-១៩ ចំនួន២គ្រួសារទៀត រស់នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខ និងសម្រួលដល់ជីវភាពមួយចំនួន ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដែលជាអំណោយសមធម៌ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឯក ឃុនដឿន នៅក្នុងសកម្មភាពសមធម៌នេះ បានបន្តទទូចសុំឱ្យប្រជាពលរដ្ឋ បន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការពាក់ម៉ាស រក្សាគម្លាត និងការលាងដៃ និងសាប៊ូឱ្យបានញឹកញាប់ និងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ បើទោះជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដែលជាការផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ សមាជិកសពអ្នកជំងឺកូវីដ-១៩ បានថ្លែងអំណរគុណ និងសូមជូនពរផងដែរ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ តាមរយៈលោក ឯក ឃុនដឿន និងមន្ត្រីក្រោមឱវាទ បន្ទាប់ពីទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខ និងសម្រួលដល់ជីវភាពមួយចំនួន រួមមានក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកសុីអុីវ១យួរ និងថវិកា ២,០០០,០០០រៀល៕