(ភ្នំពេញ)៖ សកម្មជនសំខាន់ៗមកពីខេត្តសៀមរាបប្រមាណជា ១០០នាក់ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទាមទារឲ្យផ្លាស់ប្តូរលោកជំទាវ កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារចុះជួយខេត្តសៀមរាប។ ការតវ៉ានេះដោយពួកគេ អះអាងថា ការដឹកនាំរបស់លោកស្រីតំណាងរាស្រ្តរូបនេះ ដឹកនាំគ្មានយុត្តិធម៌ គ្មានតម្លាភាព បក្សពួកនិយម មិនមានស្មារតីសាមគ្គីភាព ដែលជាប្រភពនាំមកនូវភាពបែកបាក់ផ្ទៃក្នុង។
យោងតាមលិខិតស្នើសុំដោះដូរផ្ញើជូនលោក សម រង្ស៊ី ប្រធានគណបក្ស និងលោក កឹម សុខា អនុប្រធាន ក្រុមអ្នកតវ៉ាបានបញ្ជាក់ថា ពួកគេចង់បានការផ្លាស់ប្តូរសង្គមមួយពីភាពអយុត្តិធម៌ ដើម្បីឲ្យសង្គមមួយប្រកបដោយភាពយុត្តិធម៌ សម្រែកដូរៗ នៃពលរដ្ឋខ្មែរ ជាពិសេសយុវជនស្រែកកងរំពងពេញទីក្រុងសៀមរាប គឺចង់បានសង្គមមួយមានយុត្តិធម៌ មានភាពស្អាតស្អំជាងមុន តាមរយៈគណបក្សសង្រ្គោះជាតិ ដូចនេះគណបក្សសង្រ្គោះជាតិ ត្រូវតែកែទម្រង់ផ្ទៃក្នុងបក្សឲ្យមានយុត្តិធម៌ និងស្អាតស្អំជាមុនសិន ទើបអាចផ្លាស់ប្តូរសង្គមបច្ចុប្បន្ននេះបាន»។
តាមរយៈលិខិតដដែលនេះ ក្រុមអ្នកតវ៉ាបានបង្ហាញជំហរមុតមាំថា ប្រសិនបើគ្មានផ្លាស់ប្តូរលោកស្រី កែ សុវណ្ណរតន៍ ដែលជាភរិយារបស់លោក យឹម សុវណ្ណ មន្រ្តីមានឥទ្ធិពលក្នុងគណបក្សសង្រ្គោះជាតិចេញទេ ពួកគេនឹងបន្តតវ៉ាប្រឆាំងនៅស្នាក់ការ គណបក្សសង្រ្គោះជាតិក្នុងខេត្តសៀមរាប និងនៅភ្នំពេញជារៀងរហូត។
លោក ថោង ធឿង អនុប្រធានគណបក្សសង្រ្គោះជាតិ ស្រុកស្រីស្នំ បានប្រាប់ FRESH NEWS នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥នេះថា ការតវ៉ាសុំឲ្យដោះដូរលោកស្រី កែ សុវណ្ណរតន៍ គឺធ្វើដោយឆន្ទៈមិនមានគណបក្សនយោបាយណាមួយនៅពីក្រោយនោះទេ។ លោក ថោង ធឿង ដែលបានចូលបម្រើគណបក្សប្រឆាំងមួយនេះ តាំងពីឆ្នាំ២០០៨នោះ បានរៀបរាប់បន្តថា ការដឹកនាំរបស់លោកស្រី កែ សុវណ្ណរតន៍ ប្រមាណជា ៣អាណត្តិក្នុងខេត្តសៀមរាប បាននឹងកំពុងធ្វើឲ្យថ្នាក់ដឹក នាំបក្សក្នុងខេត្តអស់ជំនឿចិត្ត ហើយបានចាកចេញអស់ជាច្រើននាក់មកហើយ។
អនុប្រធានបក្សប្រឆាំងប្រចាំស្រុកស្រីស្នំរូបនេះ បានបន្តទៀតថា ក្នុងការដឹកនាំជាច្រើនឆ្នាំមកនេះ លោកស្រី កែ សុវណ្ណរតន៍ មិនសូវបានចុះដល់មូលដ្ឋាននោះទេ ហើយប្រសិនបើចុះដល់វិញ ក៏មិនសូវបានសំណេះសំណាលអ្វីច្រើននោះដែរ ព្រោះដំណើររបស់លោកស្រីតក់ក្រហល់ខ្លាំងពេក។ លោកបានបញ្ជាក់ទៀតថា ការតវ៉ារបស់ខ្លួន ក្នុងគោលបំណងឲ្យគណបក្សសង្រ្គោះជាតិ មានការរីកចម្រើនឡើងវិញ មិនមានចេតនាប្រឆាំងនឹងលោកស្រី កែ សុវណ្ណរតន៍ នោះទេ។
ពាក់ព័ន្ធការតវ៉ានេះ FRESH NEWS បានព្យាយាមទូរស័ព្ទសុំការបញ្ជាក់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិនៅឡើយនោះ៕