(កំពង់ធំ)៖ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការរកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកជាមួយរដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមានជីវភាពខ្វះខាតនៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២២។

មានប្រសាសន៍ចុះសួរសុខទុក្ខលោកស្រី ឃួន ឃុនឌី បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាក់ស្តែងគ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរាទទួលបានអំណោយមនុស្សធម៌ពេលនេះដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈ ក្នុងសម័យកូវីដ១៩នេះបើទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែន។

ជាមួយគ្នានេះដែរ លោកស្រីក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាននូវជំងឺផ្សេងៗ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

លោកស្រីក៏បានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ស្បៀងឱ្យចំគោលដៅ ត្រូវអប់រំកូនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណដល់លោកស្រី ឃួន ឃុនឌី និងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

ក្នុងការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន ៧គ្រួសារ លោកស្រីបានផ្តល់នូវអង្ករ មី សារ៉ុង ក្រមា និងថវិកាមួយចំនួន៕