(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល បានសម្រេចផ្តល់ជូនអគារ១ខ្នង កម្ពស់៨ជាន់ ស្មើនឹង១២៨បន្ទប់ មានតម្លៃប្រមាណ៦លានដុល្លារ។

ការសម្រេចឧបត្ថម្ភអគារនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារវះកាត់ អគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោក ណុប ដារ៉ា អភិបាលរងខេត្ត, អភិបាលរងខេត្តជាច្រើននាក់ផ្សេងទៀត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងទាំង៣ផងដែរ។

ជាមួយគ្នានេះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថានេះ ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងនោះវិស័យសុខាភិបាលក៏សម្ដេចយកចិត្តទុកដាក់ខ្លាំង ដើម្បីឆ្លើយតបនឹងតម្រូវការបន្ថែមជាចាំបាច់របស់ប្រជាពលរដ្ឋនៅខេត្តកណ្ដាល។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងការកោតសរសើរដល់លោកស្រី សៀង ចាន់ហេង ដែលបានជួយឧបត្ថម្ភអាគារវះកាត់និងសម្ភពក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ដែលជាទឹកចិត្តមនុស្សធម៌ដ៏ល្អពិសេសវិសាលមួយ។

ជាមួយគ្នានេះដែរ លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល និងលោក លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះ បានសម្ដែងការត្រេកអរដែលលោកស្រី សៀង ចាន់ហេង បានឧបត្ថម្ភអគារចំនួន២ ពិសេស គឺអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធ មុនីរ័ត្ន ដែលបានឧបត្ថម្ភអគារ១ខ្នងបន្ថែមទៀត កម្ពស់៨ជាន់ ស្មើនឹង១២៨បន្ទប់ ដែលនេះជាការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ដែលមកស្វែងរកសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

លោក គួយ ប៊ុនធឿន និងលោក លី មករា ក៏បានប្ដេជ្ញាក្នុងការជួយសម្រួលនូវសេវាសុខាភិបាល និងការឆ្លើយតបចំពោះតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អជាទីបំផុតដោយយកបេះដូងមកធ្វើការ និងពិសេសគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យឱ្យបានមកចុះឆ្លើយតប និងការចង់បានរបស់ប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល។

ទន្ទឹមនឹងការឆ្លើយតបនេះដែរ លោកស្រី សៀង ចាន់ហេង បានប្រាប់មកកាន់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល ថា «លោកស្រីមានមនោសញ្ចេតនា និងអនុស្សាវរីយ៍ច្រើនជាមួយនឹងមន្ទីរពេទ្យបង្អែកជ័យជំនះនេះ ដោយកូនរបស់លោកស្រីទាំង ៤នាក់ បានធ្វើការសម្រាលនៅក្នុងមន្ទីរពេទ្យរដ្ឋមួយនេះបានយ៉ាងជោគជ័យ និងសុខសុវត្ថិភាព។ ជាការឆ្លើយតបនឹងជាការដឹងគុណ លោកស្រីក៏បានប្ដេជ្ញាថានឹងសាងសង់អាគារចំនួន៤ខ្នង ដល់មន្ទីរពេទ្យបង្អែកជ័យជំនះនេះ ដោយលើកទី១នេះ លោកស្រីបានឧបត្ថម្ភបាន២អគារសិន រង់ចាំមានថវិកាគ្រប់គ្រាន់ លោកស្រីនឹងឧបត្ថម្ភចំនួន២អគារទៀត។ មិនតែប៉ុណ្ណោះលោកស្រីបានប្ដេជ្ញាថានឹងចូលរួមជួយកសាងអគារមន្ទីរពេទ្យជាច្រើនបន្តបន្ទាប់នៅទូទាំងប្រទេសទៅតាមលទ្ធភាពដែលខ្លួនមាន»។

គួរជម្រាបថា សមិទ្ធផលដែលត្រូវសម្ភោធដាក់អោយប្រើប្រាស់នៅមន្ទីរពេទ្យបង្អែកជ័យជំនះនេះរួមមាន៖ អគារវះកាត់សុភាវី អគារសម្ភពសុភាវ័ន្ត ដែលជាការឧបត្ថម្ភរបស់លោកស្រី សៀង ចាន់ហេង និងសាងសង់អគារព្យាបាលជំងឺឆ្លង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេននៃមន្ទីរពេទ្យបង្អែកជ័យជំនះ ក្នុងនោះមាន ផ្លូវបេតុងអាមេ ដោយមានដាក់លូប្រវែង ៥៩០ម៉ែត្រ ដើម្បីទ្រទ្រង់ដំណើរការវិស័យសុខាភិបាល៕