(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានជំរុញដល់បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលជាផ្លែផ្កា ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានក៏ដូចជានៅទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ការជំរុញបែបនេះ របស់លោករដ្ឋមន្ត្រី ស៊ុយ សែម បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារដឹកនាំលើគ្រប់វិស័យ រយៈពេល៥ឆ្នាំ ២០១៧-២០២២ និងទិសដៅអនុវត្តបន្ត ២០២២-២០២៧ និងជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ទាំងពេញសិទ្ធ និងបម្រុង ក្នុងស្រុកបាកាន ដោយបានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់, លោក លោកស្រី សមាជិកគណៈអចន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត, ប្រធាន អនុប្រធានគណបក្សស្រុកបាកាន, ប្រធាន អនុប្រធានក្រុមការងារ, មន្ត្រីគណបក្សស្រុក ឃុំ និងបេក្ខភាពក្រុមប្រឹក្សា ឃុំ យ៉ាងច្រើនកុះករ។

ក្រោយពីប្រធានគណៈកម្មាធិការគណបក្សស្រុកបាកាន បានអាននូវមតិស្វាគមន៍ និងរបាយការណ៍សង្ខេប អំពីលទ្ធផលនៃការបោះឆ្នោតស្ទាបស្ទង់ ជ្រើសរើសក្រុមប្រឹក្សាឃុំ ទាំង០៩ ក្នុងស្រុកបាកាននោះរួចមក, លោក ស៊ុយ សែម បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅកាន់បេក្ខជនទាំងពេញសិទ្ធ និងបម្រុងទាំងអស់ ត្រូវបំពេញភារកិច្ចចំបងៗរួមមាន៖

ទី១៖ បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ មិនត្រូវស្កប់ស្កល់នឹងជ័យជម្នះ ដែលទទួលបានជាបន្តបន្ទាប់កន្លងមក និងត្រូវយកចិត្តទុកដាក់បម្រើប្រជាជន ឱ្យប្រជាជនស្រឡាញ់ពេញចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនយើង។
ទី២៖ បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង ប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ យកជ័យជំនះក្នុងការបោះឆ្នោត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗខាងមុខឱ្យខាងតែបាន។
ទី៣៖ បន្តផ្សព្វផ្សាយអំពីសមិទ្ធផលជាផ្លែផ្កា ដែលគណបក្សសម្រេចបាន នៅក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាកត់ ស្រុក ក្រុង ខេត្ត ក៏ដូចជានៅទូទាំងប្រទេស។
ទី៤៖ បន្តពង្រឹង និងពង្រីកសមាជិកបក្ស ដោយអនុវត្តនូវវិធីសាស្ត្រ សមាជិកបក្ស១រូប គឺសន្លឹកឆ្នោត ១សន្លឹក។
ទី៥៖ ក្រុមប្រតិកម្មរហ័ស ត្រូវធ្វើការវាយបកឱ្យបានទាន់ពេលវេលា នូវការឃោសនាមួលបង្កាច់ និងរាល់សកម្មភាពវាយប្រហារ តាមបណ្តាញសង្គម ព័ត៌មានវិទ្យាFacebook ឬ Page របស់ពួកអគតិ និងពួកគណបក្សប្រឆាំង។
ទី៦៖ បន្តចុះជួបជាមួយគ្រួសារបក្ស ក្រុមបក្ស សមាជិកបក្ស មុនសម័យឃោសនាបោះឆ្នោត ដោយសហការជាមួយក្រុមការងារ តាមមូលដ្ឋាន ឃុំ ភូមិរៀងៗខ្លួន ផ្អែកលើឯកសារគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ រយៈពេល៥ឆ្នាំ ២០២២-២០២៧។
ទី៧៖ ក្រុមការងារ ត្រូវផ្តល់ឱកាសដល់បេក្ខជន ក្រុមប្រឹក្សាឃុំ ក្នុងពិធីជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ឧទ្ទេសនាម អំពីទិសដៅធំៗទាំង៧ចំណុច នៃគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណបក្ស និងការប្តេជ្ញាចិត្ត របស់បេក្ខជនក្រុមប្រឹក្សាឃុំ ក្នុងការបម្រើប្រជាពលរដ្ឋ ឱ្យបានតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។
និងទី៨៖ បេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវសហការជាមួយក្រុមការងារចុះពិនិត្យ កែលម្អ ជួសជុលស្លាកគណបក្ស និងកសាង ស្លាកគណបក្សថ្មី ព្រមទាំងបំពាក់នៅតាមទីតាំងសមស្រប តាមប្រជុំជន និងតាមដងផ្លូវសាធារណៈ ឱ្យបានមុនគណបក្សដទៃ។

សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានចែកជូនវត្ថុកំដរដៃ ជាថ្នាំគ្រាប់ឱសថបុរាណចិន (LIANHUA QINGWEN) ដល់អ្នកចូលរួម ដោយក្នុងម្នាក់ៗទទួលឱសថ ០៣ប្រអប់ផងដែរ៕