(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្តាល និងប្រធានគណៈអចិន្ត្រៃយ៍គណបក្ស ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកល្វាឯម នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីបញ្ចូសមាជិកគណបក្សថ្មីចំនួន៤១០នាក់ និងផ្តល់រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ចំនួន២៩នាក់ ក្នុងស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ និងស្រុកល្វាឯម។

ជាកិច្ចចាប់ផ្តើមនឹងសម្លេងឧទ្ទោថា «អរគុណ សន្តិភាព!» «អរគុណមគ្គុទ្ទេសឯក និងជាស្ថាបនិកសន្តិភាព!» និងក្នុងនាមអង្គពិធីទាំងមូល ប្រកាសគាំទ្រយ៉ាងពេញទំហឹង «គាំទ្រសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ដែល គាំទ្រសម្តេចតេជោហ៊ុនសែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងអណ្ណត្តិបន្តបន្ទាប់ទៀត និង គាំទ្របេក្ខភាព បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត» អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សជូនដល់សមាជិក សមាជិការថ្មីរបស់គណបក្ស ដែលបានចូលរួមក្នុងពិធីនៅថ្ងៃនេះ។

អគ្គបណ្ឌិតសភាចារ្យ បានលើកឡើងពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវែ និងប៉ិនប្រាព្វរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានយកឈ្នះ និងគ្រប់គ្រងសមរភូមិជំងឺកូវីដ១៩ ដោយជោគជ័យ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលរហូតមកដល់ពេលនេះ អត្រាចាក់វ៉ាក់សំាងប្រឆាំងកូវីដ១៩ ច្រើនជាង៩០% ជាប់ចំណាត់ថ្នាក់លេខ៣ នៅអាស៊ី។ អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យកម្ពុជារក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ លំនឹងអាជីវកម្ម និងអាចចាប់ផ្តើមឡើងវិញនូវដំណើការសេដ្ឋកិច្ច និងជីវភាពធម្មតាក្នុងគន្លងថ្មី។

លោកឧបនាយករដ្ឋមន្ត្រី ថ្លែងអំពីគុណតម្លៃនៃសុខសន្តិភាពរបស់កម្ពុជា ដែលរកបានដោយគណបក្សប្រជាជនកម្ពុជា ហើយបានការការពារបូរណភាពដែនដី និងរក្សាសុខសន្តិភាព ជូនប្រជាជនកម្ពុជា ដើម្បីបន្តនូវការរីកចម្រើនថែមទៀត។

គណបក្សប្រជាជនកម្ពុជា បាននាំឲ្យមកវិញ រាជាធិបតេយ្យ ទី២ និងនាំមកនូវការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ លើកដំបូងក្នុងឆ្នាំ១៩៩៣ ជាពិសេសនយោបាយឈ្នះៗ របស់សម្តេចតេជោ បាននាំមកនូវសុខសន្តិភាពពេញលេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំកន្លងទៅ និងធ្វើអោយកម្ពុជាស្ថិតក្រោមដំបូលនៃរដ្ឋធម្មនុញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា យុវជនជាសរសរស្តម្ភនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ ហើយមានមោទនភាពដែលទទួលបាននូវសមាជិកយុវជនថ្មីចំនួន ៤១០នាក់នៅថ្ងៃនេះ និងបន្តបន្ទាប់ទៀត ដែលជាទំពាំងស្នងឬស្សី ដែលមានគុណវុឌ្ឍិប្រកបដោយកត្តញូតាធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ។

អរគុណចំពោះការចូលរួមរបស់យុវជន និងដែលមានជំនឿ និងទំនុកចិត្ត ចំពោះការដឹកនាំ និងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ក៏ដូចជាស្នាដៃ សមិទ្ធិផលសម្រេចបានរបស់គណបក្ស និងបានណែនាំអោយយុវជនគ្រប់ថ្នាក់ទាំងអស់ ត្រូវបំពាក់បំប៉នដល់យុវជនអំពី សាវតា បុព្វហេតុ លក្ខន្តិកៈ និងគោលនយោបាយរបស់គណបក្ស! សំដៅសម្រេចអោយបានតាមគោលការណ៍បក្ស គឺ សមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណប្ស! ហើយ យុវជនបក្សម្នាក់អូសទាញបានសន្លឹកឆ្នោតមួយសន្លឹក បន្ថែមទៀត។

ជាមួយគ្នានេះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ណែនាំឲ្យក្រុមការងារយុវជន ពង្រឹងនិងពង្រីកការងារ បំប៉ននយោបាយសតិអារម្មណ៍របស់ ដល់សមាជិកសមាជិកា និងសហគម និងធ្វើសកម្មភាពបែរឆ្ពោះទៅរកសហគមលើការងារ កែលម្អជីវភាពរស់នៅក្នុងគ្រួសារនិងសហគមតាមរូបភាពជាច្រើន ក៏ដូចជាចូលរួមអនុវត្តចលនាសហគមស្អាតនិងបៃតង មានការដាំដើមឈើនៅតាមចិញ្ចើមផ្លូវ ទី វត្តអារាម ទីសាធារណ: ការចូលរួមដឹកនាំរបស់យុវជន ក្នុងភូមិឃុំមានសុវត្ថិភាពយុវជនចៀសផុតពីគ្រឿងញាណស្នើអោយយុវជនថ្មី និងយុវជនទាំងអស់ចូលរួមអនុវត្ត កិច្ចការនយោបាយជាក់ស្តែងដែលនឹងមកដល់នៅពេលដ៏ខ្លីខាងមុខគឺការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ តាមរយៈការចូលរួមជួយការងារបក្សជាមួយក្រុមប្រឹក្សាឃុំក្នុងការសម្របសម្រួលចុះឈ្មោះយុវជនគ្រប់អាយុបោះឆ្នោតកិច្ចការត្រៀមយុទ្ធនាការបោះឆ្នោត ត្រៀមធ្វើជាឃោសនិក ត្រៀមយុទ្ធនាការឃោសនា យុទ្ធនាការបើក យុទ្ធនាការបោះឆ្នោត ត្រៀមកម្លាំងទប់ទល់ជាមួយនឹងកម្លាំងបក្សប្រឆាំង បបួលគ្នាទៅបោះឆ្នោត និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាអោយបានគ្រប់ៗគ្នា។

ក្នុងឱកាសនេះគណ:អធិបតីបានប្រគល់ម៉ូតូ Honda Dream C125 ស៊េរីថ្មីម្នាក់មួយគ្រឿង និងមួកការពារម្នាក់មួយជូនដល់សិស្សនិទ្ទេស A ទាំង២៩នាក់ ក្នុងនោះស្រុកខ្សាច់កណ្តាលចំនួន១៧នាក់ ។ ក្រៅពីនេះក៏មានការយកចិត្តទុកដាក់លើសិស្សនិទ្ទេស B, C និង D ផងដែរ តាមរយៈការផ្តល់ជាថវិកាមួយចំនួន។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនតាមវិទ្យាល័យមួយចំនួន៕