(កំពង់ស្ពឺ-កោះកុង)៖ អេកូទេសចរណ៍ គឺជាការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិ ដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី។ ដើរ ព្រៃឡើងភ្នំ បោះតង់ ឬចង អង្រឹងគេងមើលផ្កាយពេលយប់ នៅក្នុងព្រៃឆ្ងាយពីទីក្រុង ស្ដាប់សំឡេងសត្វយំឆ្លើយឆ្លងគ្នា។ ទាំងនេះសុទ្ធសឹងតែជាសកម្មភាពដែលគេអាចធ្វើបានតាមរយៈការទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ដែលមាននៅពាសពេញផ្ទៃប្រទេស។

ការរៀបចំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតំបន់អេកូទេសចរណ៍ មិនត្រឹមតែអាចបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប៉ុណ្ណោះទេវាក៏អាចរួមចំណែកជួយថែរក្សាធនធានធម្មជាតិ បានប្រកបដោយប្រសិទ្ធភាពផងដែរ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលបានទទួលចំណូលពីសកម្មភាពទេសចរណ៍ ជាទូទៅលែងធ្វើចំណាកស្រុកហើយបញ្ឈប់រាល់ទង្វើបំផ្លាញធនធានធម្មជាតិ ដូចជាកាប់ទន្ទ្រានព្រៃ និងសម្លាប់សត្វព្រៃ ជាដើម ដើម្បីទុកសម្រាប់ទេសចរកម្សាន្ត។

«ដើម្បីចូលរួមការរៀបចំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតំបន់អេកូទេសចរណ៍របស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៀតនោះ ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលកញ្ចប់ថវិកាចំនួន ៥៧.៥៨លានដុល្លារ សម្រាប់អនុវត្តន៍គម្រោង (និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា) ក្នុងរយៈពេល៦ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដើម្បីចូលរួមអភិវឌ្ឍតំបន់អេកូទេសចរណ៍ធម្មជាតិ»។ នេះបើតាមលោក ឃិន ម៉េងឃាង ជាប្រធានគ្រប់គ្រងគម្រោង និងជាប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន ក្នុងដំណើរបំពេញទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកសារព័ត៌មាន ក្រុមការងារម្ចាស់ជំនួយមកពីធានាគារពិភពលោក ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិបត្តិករទេសចរណ៍ សរុបមានចំនួន៥៥នាក់ នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

បើតាមលោក ឃិន ម៉េងឃាង បានបន្តថា សម្រាប់កញ្ចប់ថវិកាទាំងនោះក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលពីភាគីពាក់ពាក់ព័ន្ធចំនួនរួមមាន៖ ថវិកាហិរញ្ញប្បទានឥណទានពីធនធាគារពិភពលោក មានចំនួន៥០.៦០លានដុល្លារ, ថវិកាពីមូលនិធិបរិស្ថានសកល ដែលជាថវិកាជំនួយមានចំនួន៤.៤២លានដុល្លារ និងថវិកាបដិភាគពីរាជរដ្ឋាភិបាលមានចំនួន២,៥លានដុល្លារ ដែលទទួលអនុវត្តន៍ដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ។ សម្រាប់ថវិកាទាំងនេះ គឺក្រុមការងារមិនទាន់បានបែងចែកឱ្យច្បាស់នៅឡើយទេ។

លោកបានឱ្យដឹងថា សម្រាប់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នេះ មានវិសាលភាពអនុវត្តន៍លើខេត្តចំនួន៧រួមមាន ខេត្តនៅជុំវិញបឹងទន្លេសាប និងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ដែលគ្រប់ដណ្តប់លើតំបន់ការពារធនធានធម្មជាតិចំនួន១៤ និងដែនទេសសភាពចំនួន២ គឺជុំវិញបឹងទន្លេសាប និងជួរភ្នំក្រវ៉ាញ។

ជាមួយនឹងការទទួលថវិកាទាំងនេះ ប្រធានគ្រប់គ្រងគម្រោង បានបញ្ជាក់ថា ថវិកាភាគច្រើនគឺប្រើប្រាស់ដើម្បីបង្កបរិយាកាសឱ្យមានការវិនិយោគពីវិស័យឯកជន ដូចជាការការធ្វើផ្លូវ ទឹកស្អាត អនាម័យ ជាពិសេសការពង្រឹងនៅតាមតំបន់គោលដៅអេកូទេសចរណ៍ធម្មជាតិ និងសហគមន៍ធម្មជាតិ។

ដោយឡែកលោក ទាង ឆាយហៀង អនុប្រធាននាយករដ្ឋានទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ជារួមក្រសួងអភិវឌ្ឍន៍ជនបទ ជាក្រសួងសាមីមួយដែលទទួលខុសត្រូវត្រួតពិនិត្យទៅលើទឹកស្អាត អនាម័យ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅតាមជនបទ។ ដោយឡែកសម្រាប់នៅតាមទីតាំងតំបន់ការពារធនធានធម្មជាតិ និងតំបន់អេកូទេសចរណ៍ធម្មជាតិ ប្រសិនបើទីតាំងតំបន់ណាមួយមានភាពចាំបាច់នោះក្រសួងនឹងសិក្សាសាងសង់ផ្លូវជូនដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ បន្ថែមពីនេះវាជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យកាន់តែមានចំណាប់អារម្មណ៍ទស្សនាកម្សាន្តនៅតាមទីតាំងទេសចរណ៍ធម្មជាតិ ដែលមានក្នុងប្រទេសកម្ពុជា ជាដើម។

បើតាមមន្ត្រីគម្រោងក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ បានបន្តថា សម្រាប់គម្រោងសាងសង់ផ្លូវនៅតាមតំបន់អេកូទេសចរណ៍ធម្មជាតិ គឺមាន២ប្រភេទ រួមមានផ្លូវបេតុង ឬជាផ្លូវកៅស៊ូ ២ជាន់។

ដោយយល់ពីភាពចាំបាច់នេះ «គម្រោងទេសភាពប្រកបដោយនិរន្តរភាពនិង អេកូទេសចរណ៍កម្ពុជា» នឹងត្រូវការពេលអនុវត្តរយៈពេល ៦ ឆ្នាំ (២០២០-២០២៥) ក្រោមក្របខ័ណ្ឌនៃ ប្រាក់កម្ចីឥណទានរបស់ធនាគារពិភពលោក។

គោលបំណងនៃការអភិវឌ្ឍគម្រោង គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារ លើកតម្លៃឱកាសអេកូទេសចរណ៍ និងខ្សែសង្វាក់តម្លៃអនុផលព្រៃឈើនៅ ក្នុងតំបន់ទេសភាពភ្នំក្រវ៉ាញ និងទន្លេសាប។ គម្រោងនេះគ្រប់គ្រងដោយក្រសួងបរិស្ថាន និងសហការអនុវត្ត ដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងការលើកទឹកចិត្តដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជា សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គម្រោងទេសភាព និងអេកូទេសចរណ៍ប្រកបដោយ និរន្តរភាពរបស់ប្រទេសកម្ពុជានឹងយកអេកូទេសចរណ៍ជាកត្តាជំរុញដើម្បីភាពរីកចម្រើនសេដ្ឋកិច្ចរបស់សហគមន៍ជនបទ និងពង្រឹងការគ្រប់គ្រងភាពសម្បូរបែបនៃធម្មជាតិធម្មជាតិនៃជួរភ្នំក្រវាញ និងបឹងទន្លេសាប រួមទាំងជម្រកសត្វព្រៃ, ឧទ្យានជាតិក្រវាញខាងត្បូង, កណ្តាល, ជម្រកសត្វព្រៃឱរ៉ាល់, ភ្នំសំកុស និងច្រករបៀងអភិរក្សជីវចម្រុះក្រវាញ។ តំបន់ភ្នំក្រវាញ និងទន្លេសាប មានទំហំជាង ៣.៨លានហិកតា ហើយក៏ជាកន្លែងដែលមានជលផលទឹកសាបច្រើនបំផុតមួយនៅលើពិភពលោក និងមានព្រៃ ការពារធំជាងគេនៅឥណ្ឌូចិនផងដែរ។

គម្រោងនេះក៏នឹងពង្រឹងខ្សែសង្វាក់តម្លៃនៃអនុផលព្រៃឈើ (NTFP) ដើម្បីបន្ថែមនូវប្រាក់ចំណូលនៅតាមទីជនបទ។ ការធ្វើឱ្យប្រសើរឡើងនូវសក្តានុពលអេកូទេសចរណ៍ និងអនុផលព្រៃឈើរបស់ប្រទេសកម្ពុជានៅក្នុងតំបន់ភ្នំក្រវាញ់ និងទន្លេសាប គឺស្ថិតនៅក្នុងការដោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធដែលមានកម្រិត និងការតភ្ជាប់ក្នុងតំបន់។ ការវិនិយោគជាក់លាក់ក្នុងការកែលម្អការតភ្ជាប់ និងការកសាងជំនាញសហគ្រិនអំពីអនុផលព្រៃឈើ និងអេកូទេសចរណ៍នឹងត្រូវបានគេយកមកអនុវត្ត។ គោលដៅវិនិយោគបន្ថែមនឹងត្រូវបានធ្វើឡើងតាមរយៈការពង្រឹងប្រព័ន្ធការពារតំបន់អភិរក្ស (PA) នៃតំបន់ទេសភាពភ្នំក្រវាញ និងទន្លេសាប ដែលជាផ្នែកដ៏សំខាន់នៃធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារ។

ការទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ធ្វើឱ្យអ្នកទេសចរ យល់ដឹង និងគោរពផ្ដល់តម្លៃដល់ធនធានធម្មជាតិ។ ហើយផ្ដើមចេញពីការគោរពនេះ អ្នកទាំងនោះនឹងចូលរួមការពារធនធានធម្មជាតិដោយចិត្តឯង មិនចាំបាច់មានការអំពាវនាវ ឬជំរុញពីនរណាឡើយ។

ជាការពិតការរៀបចំ និងផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍ តែម្យ៉ាងមិនអាចការពារធនធានធម្មជាតិ បានទាំងស្រុងទេ។ ការការពារ ធនធានធម្មជាតិ គឺជាការងារដ៏ធំធេង និងស្មុគស្មាញដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប៉ុន្តែ យ៉ាងហោចណាស់នៅពេលបានទៅដល់ និងស្គាល់តំបន់អេកូទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា ឆន្ទៈរបស់អ្នកទេសចរក្នុងការការពារធនធានធម្មជាតិនឹងកាន់តែពុះកញ្ជ្រោលជាក់ជាពុំខាន។

នៅក្នុងកម្មវិធីនៃដំណើរទស្សនកិច្ច ក្រុមអ្នកចូលរួមនឹងត្រូវធ្វើដំណើរទៅកាន់តំបន់ជាច្រើន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងកោះកុង ដែលមានដូចជាសហគមន៍អេកូទេសចរណ៍ចំបក់ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ សហគមន៍អេកូទេសចរណ៍ជីផាត់ តំបន់ថ្មរូង តំបន់ស៊ីនតាម៉ានីវ៉ាល ជំរុំបោះតង់ភ្នំក្រវាញ ស្ថានីយសួនសត្វក្បែរជីផាត់ ដងស្ទឹងតាតៃ ទន្លេ៤កោះអណ្តែត ស្ទឹងអារ៉ែង ភ្នំម្រេចកង្កែប និងទឹកធ្លាក់ស្ទឹងពង្រូល៕