(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថា កូនខ្មែរគ្រប់រូបត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យរឹងមាំ និងត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយ ក្រោមការដឹកនាំរបស់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត ជាពិសេសនៅតែគោរពបូជាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ការថ្លែងបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ និងបញ្ចុះបឋមសិលាកសាងកុដិថ្មីនៅវត្តឥន្ទនិមិត្ត ហៅវត្តត្បែង ស្ថិតនៅភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក សួន ឡុញ ប្រធានក្រុមប្រឹក្សាស្រុក លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយសប្បុរសជន និងប្រជាពលរដ្ឋជាច្រើនផងដែរ។

ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ថាសមិទ្ធផលទាំងអស់ មិនមែនកើតឡើងដោយឯងៗនោះទេត្រូវមានការចូលរួមសាមគ្គីគ្នា។ លោកស្រីក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សប្បុរសជន និងប្រជាពលរដ្ឋដែលបានខិតខំជ្រោមជ្រែងសហការសាមគ្គីគ្នាកសាងសមិទ្ធផលដ៏ច្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកស្រី បានបន្តថា វិស័យយពុទ្ធចក្រ និងអាណាចក្រត្រូវពឹងផ្អែកលើកត្តាសន្តិភាពស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះបានជាក់ស្តែងសមិទ្ធផលនានា មានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឱ្យឃើញស្រាប់។

បន្ថែមពីនេះ លោកស្រី ឃួន ឃុនឌី បានគូសបញ្ជាក់ថា បើសិនប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរីមានជីវភាពធូរធារប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ កត្តាដែលប្រទេសជាតិមានសុខសន្តិភាពពិតជាមានតម្លៃណាស់សម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាកម្ពុជាផងដែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបោះជំហានអភិវឌ្ឍបន្ថែមទៀត។

លោកស្រីបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវអប់រំកូនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ក្លោងទ្វារបានសម្ពោធជាផ្លូវការ និងបញ្ចុះបឋមសិលាកសាងកុដិថ្មីមានទំហំ ១៣ម៉ែត្រ គុណ៩ម៉ែត្រ មានកម្ពស់ពីរជាន់ និងបានចូលរួមបច្ច័យកសាងនូវទឹកប្រាក់ ១៤លានរៀល ចែកអំណោយដល់អ្នកចូលរួមចំនួន ២៦៦នាក់ ក្នុងម្មាក់ទទួលបានក្រមា១ សាប៊ូ ១ដុំ ថវិកា១ម៉ឺនរៀល និងបានផ្តល់សំលៀកបំពាក់ប្រជាការពារភូមិបាគង និងភូមិត្បែងចំនួន៣០កំប្លេរ និងថវិកា៦០ម៉ឺនរៀលផងដែរ៕