(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានធ្វើបទបង្ហាញអំពីការងារគ្រប់គ្រងប្រើប្រាស់ និងរក្សាទុកវ៉ាក់សាំង Pfizer ជូនដល់ក្រុមគ្រូពេទ្យចំនួន៣៤នាក់ មកពីយោធភូមិភាគទី៤។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស នៅទីបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោកទួលត្រាច ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស។

លោកស្រីអនុសេនីយ៍ឯក ចិន វិបុល នាយរងផ្នែកសុខាភិបាល បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានឡើងអានខ្លឹមសារបច្ចេកទេសស្តីអំពីការរក្សាទុកវ៉ាក់សាំង Pfizer និងការរៀបចំចាក់វ៉ាក់សាំង Pfizer (ដូសទី៤) ជូនអង្គពិធី និងបានធ្វើបទបង្ហាញខ្លីៗអំពីនីតិវិធីនៃការរក្សាទុក និងការប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ដែលមានខ្លឹមសារមួយចំនួនដូចខាងក្រោមដូចជា៖ ការរក្សាទុក និងការគ្រប់គ្រងសីតុណ្ហភាព ការរំលាយវ៉ាក់សាំង Pfizer ការលាយវ៉ាក់សាំង Pfizer មុនពេលចាក់ ការចាក់វ៉ាក់សាំង Pfizer ការគ្រប់គ្រងកាកសំណល់ ការកាត់បន្ថយការខាតបង់វ៉ាក់សាំង។ល។ ដើម្បីឱ្យរុមគ្រូពេទ្យមកពីយោភូមិភាគទី៤ បានកត់ត្រា និងស្វែងយល់ច្បាស់លាស់អំពីនីតិវិធីនៃការគ្រប់គ្រងរក្សាទុក និងការប្រើប្រាស់ធានាពេលត្រឡប់ទៅវិញចាត់តាំងអនុវត្តផ្ដល់សេវាវ៉ាក់សាំង Pfizer (ដូសទី៤) ជូនជនរួមជាតិទទួលបានជោគជ័យ។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមគ្រូពេទ្យមកពីយោធភូមិភាគទី៤ និងបានលើកឡើងពីប្រវត្តិខ្លះៗអំពីជំនាញការពារអាកាស តាំងពីការកកើតរហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់តាំងពីរចនាសម្ព័ន្ធចាត់តាំងគ្រឿងបំពាក់ និងធនធានកងកម្លាំង។

ឧត្តមសេនីយ៍ទោបានលើកអំពីការងារគ្រប់គ្រប់ និងទប់ស្កាត់វីរុសកូវីដ១៩ យើងមានរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃតែងតែគិតគូរដល់សុខទុក្ខ សុខមាលភាពសាធារណៈជូនជនរួមជាតិ សម្ដេចបានទិញវ៉ាក់សាំងនឹងស្វះស្វែងរកជំនួយវ៉ាក់សាំងទាំងជាតិ និងអន្តរជាតិ សំដៅយកមកចាក់ជូនជនរួមជាតិយើងដោយឥតគិតថ្លៃជាពិសេសកម្ពុជាយើងមានមោទនភាពក្រៃលែងណាស់ដោយមានលទ្ធភាពផ្ដល់សេវាវ៉ាក់សាំងជូនប្រជាពលរដ្ឋមួយចំនួនធំប្រហែលជាង៩០ ភាគរយ បានទទួលសេវាវ៉ាក់សាំងដូសទី៣រួចរាល់ និងប្រហែលជា ២០ភាគរយទៀត ក៏បានទទួលវ៉ាក់សាំងដូសទី៤រួចរាល់ដែរ។

ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានបញ្ជាក់បន្ថែមអំពីគ្រោះមហន្តរាយរបស់វីរុសកូវីដ១៩ កន្លងមកនេះថាបានមកបំផ្លាញ និងយាយីអាយុជីវិតជនរួមជាតិយើងក្នុងប្រទេស ក្នុងតំបន់ និងនៅលើពិភពលោកអស់រាប់សិបលាននាក់ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ក៏ដូចជាសេដ្ឋកិច្ចសកលយ៉ាងធ្ងន់ធ្ងរផងដែរ។

បន្ថែមពីនេះឧត្តមសេនីយ៍ទោ សុខ ប៉ាង បានឱ្យជំនាញក្រុមគ្រូពេទ្យទាំងពីរអង្គភាព បន្តសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីកម្រិតបច្ចេកទេសការគ្រប់គ្រងរក្សាទុក និងប្រើប្រាស់ដើម្បីធានាឱ្យបានត្រឹមត្រូវតាមស្តង់ដារបទដ្ឋានបច្ចេកទេសរបស់សាំង Pfizer និងសូមផ្ដាំផ្ញើឱ្យបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជាសាធារណៈនូវគុណតម្លៃនៃវាក់សាំង និងបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនដដែលទោះបីយើងបានទទួលវ៉ាក់សាំងដូសទី៤ រួចហើយក៏ដោយ៕