(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបាវិត បានណែនាំឱ្យសមាជិកគណបក្សទាំងអស់ ត្រូវបន្តថែរក្សានូវសមិទ្ធផល និងបង្កើននូវទំនុកចិត្តបន្ថែមជូនប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសឆ្ពោះទៅទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី០៧ ឆ្នាំ២០២៣ និងបោះឆ្នោតក្រោយៗទៀត។

ការណែនាំបែបនេះ របស់បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតី និងដឹកនាំអង្គសន្និបាតសង្កាត់ច្រកម្ទេស និងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សសង្កាត់អាណត្តិទី៤ (២០១៧-២០២២) និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់ អាណត្តិទី៥ឆ្នាំ (២០២២-២០២៧)។

នាឱកាសនោះដែរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សាសង្កាត់នៃគណបក្សប្រជាជនកម្ពុជា អាណត្តិទី៤ (២០១៧-២០២២) ព្រមទាំងបានបញ្ជាក់ថាសមិទ្ធផលសម្រេចបាននេះ បានសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ក្រុមការងារទាំងអស់ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅក្នុងមូលដ្ឋាន ដែលនេះបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសង្កាត់ អាជ្ញាធរមូលដ្ឋាន សាខាបក្សភូមិ ចូលរួមបំពេញការងារយ៉ាងសកម្មអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការចូលរួមបម្រើនូវផលប្រយោជន៍ប្រទេសជាតិ គណបក្ស និងជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំផ្សារភ្ជាប់ និងកសាងនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ជាមួយប្រជាពលរដ្ឋមូលដ្ឋាន។

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ដិត លោក លី ធុជ បានអបអរសាទរដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ព្រមទាំងបានធ្វើការណែនាំនូវគោលការណ៍ចំនួន០៦ ចំណុចដូចខាងក្រោម៖

ទី១៖ ត្រូវចេះដាក់ខ្លួនបម្រើប្រជាជន និងប្រទេសជាតិ តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ដោយយកផលប្រយោជន៍ជាតិជាធំ
ទី២៖ ត្រូវយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលាដូចជា៖ ការផ្តល់សេវាសាធារណៈជាដើម ដែលការបម្រើនេះត្រូវធ្វើឡើងពោរពេញដោយសេចក្ដីគោរព ស្រឡាញ់ និងភាពថ្លៃថ្នូរ
ទី៣៖ ត្រូវខិតខំអភិវឌ្ឍន៍សង្កាត់ និងក្រុងបាវិត ឱ្យកាន់តែរីកចំរើនបន្ថែមទៀត កាន់តែល្អថែមទៀត
ទី៤៖ ត្រូវកសាងទំនាក់ទំនងជិតស្និទ្ធ និងស្អាតស្អំជាមួយប្រជាពលរដ្ឋ
ទី៥៖ ត្រូវធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង
និងទី៦៖ ត្រូវមានស្មារតីទទួលខុសត្រូវចំពោះគណបក្ស៕