(ស្វាយរៀង)៖ លោក ហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង និងលោក សរ សុដានី ប្រធានក្រុមកាងារថ្នាក់ក្រុង ចុះជួយសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍សង្កាត់ស្វាយតឿ អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងដាក់ចេញនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា អភិវឌ្ឍន៍សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧។

នាឱកាសនោះដែរ លោក ហុង ឡុង បានថ្លែងផ្ដាំផ្ញើនូវការសាកសួរ សុខទុក្ខពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តស្វាយរៀង ដែលជានិច្ចកាលលោកស្រីតែងតែនឹករលឹកដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ និងយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់សមាជិកនៅទូទាំងខេត្ត។

លោកបានបន្តថា សន្និបាតថ្ងៃនេះ គឺអនុវត្តតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ហុង ឡុង បានក្រើនរំលឹកដល់សមាជិកបក្ស និងក្រុមបក្សទូទាំងឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាពបញ្ជីក្រុមឱ្យបានច្បាស់លាស់ និងបន្តរក្សាឱ្យ បាននូវចលនារបស់បក្ស ក្នុងមូលដ្ឋានដែលធ្លាប់ ធ្វើសកម្មភាពជាប្រចាំ កន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្ម ភាពឆ្ពោះទៅមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកប ដោយភាពទទួលខុសត្រូវខ្ពស់ពិសេសទាក់ទាញនូវទំនុកចិត្តលើការដឹកនាំអភិវឌ្ឍន៍ប្រទេសរបស់គណបក្ស ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅពេលអនាគត។

នៅក្នុងឱកាសនោះ លោក សរ សុដានី ក៏បានថ្លែងអរគុណចំពោះស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច របស់គណៈកម្មាធិការគណបក្សសង្កាត់ស្វាយតឿ ព្រមទាំងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់ ក្នុងសង្កាត់ដែលសម្ដែងនូវឆន្ទៈគាំទ្រ គណបក្សប្រជាជនកម្ពុជា និងរួមគ្នាអនុវត្តដោយជោគជ័យកម្មវិធីនយោបាយ របស់គណបក្ស។

លោក សរ សុដានី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលគណបក្សសង្កាត់ រួមគ្នាសម្រេចបាននាពេលកន្លងមក និងក៏បានធ្វើការណែនាំទៅលើផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តបន្ត ព្រមទាំងលើកឡើងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទពិសោធន៍សំដៅឈានទៅទទួលបានជោគជ័យ នាអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខផងដែរ៕