(ភ្នំពេញ៖) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយនឹងមន្ត្រី អាជ្ញាធរដែនដីផង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តាមបែបសាសនា មុននៃការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនហើយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានស្ថាបនាស្ពានអាកាសនេះជាផ្លូវការតែម្តង។

ពាក់ព័ន្ធបើកការដ្ឋានស្ថាបនាស្ពានអាកាសនេះដែរ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមាន របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ នៅក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦និង០០នាទី រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ន នៅជុំវិញទីតាំងប្រារព្ធពិធី ដោយបានអោយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេ ត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ី ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។

គួរបញ្ជាក់ផងដែរថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងថា៖ «ស្ពានអាកាសថ្មីដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានេះ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់បានជាង ៦៣ភាគរយហើយ»

គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ដោយប្រើរយៈពេល ១៥ខែ ពោលគឺឱ្យរួចរាល់នៅចុងខែមេសាឆ្នាំ២០២៣ នៅមុនពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕