(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។
ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។
នៅក្នុងឱកាសបើកការដ្ឋាននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ថា សម្តេចពិតជារីករាយជាមួយការបើកការដ្ឋាន សាងសង់ស្ពានអាកាសលើផ្លូវជាតិលេខ៥នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមិនមានការកំណត់ឈប់សម្រាកក្នុងប្រក្រតិទិន តែច្បាស់ជាមានប្រជាពលរដ្ឋឈប់សម្រាកសែនព្រេន និងធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាសលើផ្លូវជាតិលេខ៥ នឹងរួមចំណែកយ៉ាងសំខាន់សម្រួលការកកស្ទះចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ សម្រាប់ការប្រឹងប្រែងអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនមានតែតម្រូវការតភ្ជាប់ត្រឹមក្របខណ្ឌក្នុងប្រទេសប៉ុណ្ណោះ តែក៏ត្រូវតភ្ជាប់ជាមួយក្រៅប្រទេសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន បានបញ្ចប់ស្ថានភាពជីវិតអ្នករត់ទូកដអស់ច្រើនហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាសនៅភ្នំពេញ បានប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយអភិវឌ្ឍន៍អាទិភាពទាំង៤ (ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស) ដែលបានដាក់ចេញតាំងពីក្រោយថ្ងៃរំដោះនោះ គឺអាចត្រឹមត្រូវរហូតដល់ទៅ ២០-៣០ឆ្នាំខាងមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព និងស្ទើរតែមិនជឿចំពោះការចម្រើនលូតលាស់ក្នុងរាជធានីភ្នំពេញ បើទោះបីសម្តេចជាអ្នកដឹកនាំកសាងដោយផ្ទាល់ក្តី។
* សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ ៩ជាន់ និងលើសពី៤០ជាន់ មានប្រមាណ ១,៦០៣អគារ។ ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់ ១០ជាន់ ទៅ ១៩ជាន់ មាន ៤៥២អគារ, អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន ១២០អគារ, អគារកម្ពស់ ៣០ជាន់ ទៅ ៣៩ជាន់ មាន ៦៥អគារ និងអគារខ្ពស់ចាប់ ៤០ជាន់ មាន ៤០អគារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់នោះឡើយចំពោះអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ ខណៈពីអតីតកាលតំបន់ជ្រោយចង្វាសុទ្ធតែជាព្រៃត្រែង ឥឡូវសុទ្ធតែអគារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គមមួយមិនអាចធ្វើឱ្យជីវភាពមានកម្រិតស្មើគ្នានោះទេ តែត្រូវប្រឹងប្រែងធ្វើឱ្យស្ថានភាពក្រីក្រថយចុះកាន់តែទាប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរឥឡូវខ្មៅៗសោះ សែនចិនដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភូមិសម្តេចកាលពីមុនអ្នកសែនមានតែ ៣-៤គ្រួសារ ឥឡូវមានជិតពាក់កណ្តាលហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអត់សែនចិនទេ តែភរិយាសម្តេច កូនៗ និងចៅៗទាំងអស់សែនចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតវ៉ារបស់ប្រជាពលរដ្ឋ មិនមែនជាកត្តាកំណត់ពីសន្តិភាពនៃប្រទេសនីមួយៗនោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើគ្រាន់តែមានប្រជាពលរដ្ឋតវ៉ា និយាយថា កម្ពុជាមិនមានសន្តិភាពនោះ ចុះនៅសហរដ្ឋអាមេរិក តវ៉ានិងបាញ់គ្នាសឹងរាល់ថ្ងៃវិញ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគ្មានលទ្ធភាពធ្វើឱ្យមានសន្តិភាពផ្លូវចិត្តសម្រាប់មនុស្សគ្រប់គ្នា ដែលមានវិបត្តិផ្សេងៗគ្នានោះទេ តែសម្តេចធានាសម្រាប់សន្តិភាពពីការច្បាំងគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ន័យសន្តិភាព ដែលសម្តេចសម្តេចសំដៅដល់នោះ គឺសន្តិភាព ដែលលែងមានសង្គ្រាម ឬការធ្វើចម្បាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកស្រែកថាក្រទៅៗ ពីមុនជិះកង់សោះ តែឥឡូវជិះរថយន្តទៅហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកថ្ងូររឿងប្រេងឡើងថ្លៃ នៅតែថ្ងូរ តែធ្វើដំណើរកម្សាន្តនៅធ្វើ។ សម្តេចតេជោ បានថ្លែងថា ការឡើងថ្លៃប្រេងនេះជាកត្តាសកលលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តាសំខាន់ៗចំនួន៤ ដែលបង្កលក្ខណៈសម្រាប់ពលរដ្ឋអាចធ្វើដំណើរកម្សាន្ត។ កត្តាទាំង៤នោះរួមមាន៖ ទី១៖ សន្តិភាព បើគ្មានសន្តិភាពប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តនោះឡើយ, ២៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ដែលបានតភ្ជាប់ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ មិនអាចឱ្យពលរដ្ឋធ្វើកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតបានឡើយ, ៣៖ ធម្យោបាយដឹកជញ្ជូនកើនឡើង, សម្តេចតេជោ បានកត់សម្គាល់ថា ការដឹកជញ្ជូនទាំងផ្ទាល់ខ្លួន និងឯកជន បានកើនឡើងច្រើន, ៤៖ មានប្រាក់, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រជាពលរដ្ឋមិនមានប្រាក់ មិនអាចធ្វើដំណើរកម្សាន្តបានទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា បំភ្លេចថ្ងៃជ័យជម្នះ ៧មករា នោះឡើយ។ បើទោះបីត្រូវធ្វើសង្គ្រាមការពារថ្ងៃ ៧ មករា ក៏ត្រូវធ្វើដែរ។
* សម្តេចតេជោ បានបញ្ជាក់ថា ការមិនធ្វើថ្ងៃបុណ្យ៧មករា ដើម្បីផ្ញើសាជូនពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ហួសចិត្តនឹងក្រុមអ្នកវិភាគ ដែលបានវិភាគលើរឿងសម្តេចនាំលោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រឹងប្រែងខ្លាំងណាស់ ការពារមិនឱ្យកូវីដ១៩ រាតត្បាតចូលព្រះបរមរាជវាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនាំលោក ហ៊ុន ម៉ាណែត ចូលថ្វាយបង្គំព្រះមហាក្សត្រនាពេលកន្លងទៅ ដើម្បីទូលព្រះមហាក្សត្រ ពីការបន្តវេនរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចលាឈប់ពីតំណែង។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៥៤នាក់។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលចិន ផ្តល់ជំនួយវ៉ាក់សាំងបន្ថែម ៥លានដូស ហើយសម្តេចបញ្ជាទិញ ៣លានដូស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញ សម្តេចបានជួបពិភាក្សាការងារជាមួយអនាគតរដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី របស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរោគកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» បានឆ្លងចូលដល់បណ្តាខណ្ឌនានា ដែលត្រូវទាមទារយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានរើសអើងប្រជាពលរដ្ឋនោះឡើយ គេអាចមើលឃើញច្បាស់ក្នុងពេលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើគណបក្សនយោបាយដទៃ បានបង្ហាញឱ្យឃើញហើយឫនៅថា ពួកគេមិនមាននយោបាយរើសអើងប្រជាពលរដ្ឋ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចដាក់កម្មវិធីច្រើននៅក្នុងសប្តាហ៍នេះ ដើម្បីកុំឱ្យរដ្ឋមន្ត្រីទៅដើរលេងឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពីពន្ធដានៅឆ្នាំខែមករា ឆ្នាំ២០២២ កើនច្រើនធៀបចំណូលពន្ធដាឆ្នាំ២០២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញ មានការអភិវឌ្ឍច្រើន ប៉ុន្តែបើគ្មានសន្តិភាពទេ ការអភិវឌ្ឍនេះមិនអាចគង់វង់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖០១នាទី នាព្រឹកថ្ងៃដដែល។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News.៕