(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដល់ក្រុមគ្រួសារលោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិកកាំង ចំនួន៤នាក់ ដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុព្រៃឈើកម្ពុជា នៅខេត្តព្រះវិហារ។

បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សក្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចង្កោមគ្រួសារជនជាតិអាមេរិក ដែលទទួលបានសញ្ជាតិខ្មែរ រួមមាន៖

ទី១៖ លោក ដាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH) ជនជាតិអាមេរិក សញ្ជាតិអាមេរិក កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង (ជាប្ដី)។
ទិ២៖ លោកស្រី ជាវិស សារិន ប៉ាទ្រីសា (LWIN SHARYN PATRICIA) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ នៅទីក្រុង Hornsby ប្រទេសអូស្ត្រាលី (ជាប្រពន្ធ)។
ទី៣៖ កុមារី ដាលិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៤ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។
និងទី៤៖ កុមារី ដាវិស ចារ៉ា កាមីល (DAVIS JARRAH CAMILLE) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។

គួរបញ្ជាក់ថា បេនដេវីស ជាជនជាតិអាមេរិក និងភរិយាគាត់ជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារ។ បេន ដេវីស បាននាំប្រពន្ធ និងកូនស្រីគួរជាទីស្រឡាញ់២រូប មករស់នៅក្នុងព្រៃដើម្បីការពារ អភិរក្សសត្វ និងព្រៃឈើនៅកម្ពុជា។ កូនៗ និងប្រពន្ធរបស់គាត់បានសុខចិត្តមករស់នៅក្នុងព្រៃជាមួយដោយបោះបង់ចោលការងារ និងមិនបានចូលរៀនសូត្រតាមសាលារៀនឡើយ៕