(សៀមរាប)៖ អង្គការមូលនិធិទំពាំងស្នងឫស្សី និងសមាគមទេសចរណ៍កម្ពុជា បានបើកយុទ្ធនាការទេសចរណ៍បរិស្ថានក្នុងសហគមន៍មេជ្រៃ ក្នុងបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងសហគមន៍បឹងទន្លេសាបមួយនេះ។

ថ្លែងក្នុងពិធីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានលើកឡើងថា កម្មវិធីបើកយុទ្ធនាការទេសចរណ៍បរិស្ថាន និងការប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាបនារដូវទឹកសម្រកឆ្នាំ២០២២ វាបានឆ្លុះបញ្ចាំងអំពីកិច្ចសហការ និងការយល់ដឹងដូចគ្នាពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូ សហគមន៍ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹង ឲ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។ លោកស្រីថា កិច្ចការងារទាំងនេះ វាជាកត្តាដ៏សំខាន់មួយ ដែលត្រូវបានចូលរួមក្នុងការលើកកម្ពស់សុខភាពនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយផ្សេងៗទៀត ពិសេសនៅពេលបរិស្ថានស្អាត ទេសចរក៏ចាប់អារម្មណ៍ក្នុងការទស្សនាផងដែរ។

តាមការមើលឃើញរបស់លោកស្រី ឆាយ ស៊ីវលីន សហគមន៍មេជ្រៃមានសក្កានុពលទេសចរណ៍ច្រើន តែប្រជាជននៅតំបន់នេះ មិនទាន់បានទាញប្រយោជន៍នៅឡើយ។ លោកស្រីរំពឹងថា យុទ្ធនាការទេសចរណ៍បរិស្ថាននេះ នឹងជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍នេះ តាមរយៈការទាក់ទាញទេសចរជាច្រើនចូលមកក្នុងសហគមន៍ និងជាវសេវាកម្មរបស់សហគមន៍ដោយផ្ទាល់ ដែលធ្វើឱ្យចំណូលមាននិរន្តរភាព។

ដោយឡែក ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល បានបង្ហាញថា យុទ្ធនាការនៅឆ្នាំនេះ នឹងបន្តជំរុញលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិក និងធ្វើការទុកដាក់បែងចែកញែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាប។ យុទ្ធនាការនេះនឹងបំផុសស្មារតីក្នុងការលើកកម្ពស់ជីវភាពសហគមន៍ក្នុងបឹងទន្លេសាប ដើម្បីរៀបចំ និងត្រៀមខ្លួនសម្រាប់ការរៀបចំជាទេសចរណ៍សហគមន៍ដោយប្រើប្រាស់ទូកអុំតូចៗ សម្រាប់ជូនភ្ញៀវទស្សនាកំសាន្ត ស្វែងយល់ពីការរស់នៅរបស់ប្រជានេសាទក្នុងសហគមន៍មេជ្រៃ នៃភូមិពាមតាអួ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

លោកបានបន្តទៀតថា ស្របពេលដែលរាជរដ្ឋាភិបាលចាប់ផ្តើមបើកប្រទេសឡើងវិញ លោកក៏ចង់បញ្ជៀសកម្មភាពបរិស្ថានក្នុងសហគមន៍ ទៅជាសកម្មភាពទេសចរណ៍ ដោយបង្កើតជាការអុំទូក និងសេវាផ្ទះស្នាក់នៅទីនេះ ដែលកន្លងមក មិនទាន់មានការរៀបចំនៅឡើយ។ លោក ស៊ា សុផល ថា កន្លងមក សហគមន៍នេះពឹងផ្អែកទាំងស្រុងលើរបរនេសាទ និងដាំដំណាំបន្ទាប់បន្សំនារដូវទឹកស្រក ដូច្នេះ កម្មវិធីទេសចរណ៍បរិស្ថាន នឹងជួយផ្នែកសេដ្ឋកិច្ចមួយផ្នែកដល់សហគមន៍ ដែលមាននិរន្តរភាពផងដែរ៕