(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំក្រុមការងារ ដោយមានការចូលរួម ពីអាជ្ញាធរក្រុង ចុះត្រួតពិនិត្យទីតាំងដីសម្រាប់សាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សដែលជាជំនួយឥតសំណងរបស់ព្រះរាជាណាចក្រថៃ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់មកលោកក៏បានបន្តចុះសួរសុខទុក្ខដល់់កុមាររងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស នៅមណ្ឌលតំណក់ទឹក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា កម្ពុជា-ថៃ បានព្រមព្រៀងគ្នាកាលពីដើមឆ្នាំ២០២០ ដោយចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលសំចតមួយនៅប៉ោយប៉ែត សម្រាប់សង្គ្រោះ និងផ្តល់សេវាដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលគ្រោងនឹងចំណាយថវិកាប្រមាណជា១លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ដើម្បីជាចំណងដៃមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

ការសម្រេចកសាងមជ្ឈមណ្ឌលសំចតទី១ និងដំបូងបង្អស់ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែ បានបង្ហាញពីចំណុចចាប់ផ្តើមជាវិជ្ជមានរបស់កម្ពុជា-ថៃ លើការពង្រឹង និងគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស (SOP) នៅក្នុងប្រទេសថៃ ដែលកម្ពុជា និងថៃបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

កម្ពុជា-ថៃ ធ្លាប់បានចុះហត្ថលេខា (SOP) ដើម្បីបង្កើតគោលការណ៍ណែនាំរួមស្តីពី ការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោម ទៅតាមការអនុវត្តជាលក្ខណៈអន្តរជាតិ, កំណត់តួនាទី និងការទទួលខុសត្រូវ នៃអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋភាគីទាំង២ នៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម, ប្រើប្រាស់ជាឯកសារយោងពាក់ព័ន្ធ និងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស៕