(ឧត្តរមានជ័យ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូអគ្គិសនីកម្ពុជា និងក្រុមហ៊ុន LYP Group ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំង នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ដែលជាអង្គភាព សម្ព័ន្ធមេត្រីភាពជាមួយអគ្គិសនីកម្ពុជា។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក កែវ រតនៈ បាន នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ស ម្តេ ច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់ សុខ ទុក្ខ របស់ កងកម្លាំង នគរបាល និងយោធាដែលកំពុងឈរជើងការពារព្រំដែន សមរភូមិមុខ និងសម្តែងការកោតសរសើរ រាល់ការពុះពារការលំបាក ខិតខំបំពេញភារកិច្ច របស់កងម្លាំង ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួម កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយ ប្រទេសជិតខាង ជាមិត្តភូមិ ផងរបងជាមួយ បាន ល្អប្រសើរគួរឲ្យកត់សម្គាល់។ ស្នាដៃនេះ គឺជាចំណែក នៃសមិទ្ធផលដ៏ធំធេង សម្រេច បាន របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ក្នុ ង ការដឹកនាំ ប្រទេសជាតិ ឲ្យមាន ការរីកចម្រើន ជឿន លឿន ជាលំដាប់ នៅសមរភូមិក្រោយ។

លោក កែវ រតនៈ បានបន្តថា កត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជន នាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅ ថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយជាបុព្វហេតុដើម្បីធានា ឲ្យប្រទេសកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខប្រកបដោយចីរភាព ពិតប្រាកដ។

លោក កែវ រតនៈ ក៏បានវាយតម្លៃខ្ពស់ថា កងទ័ពកម្ពុជា ពិតជាមានទឹកចិត្តមោះមុខ ការពារទឹកដី និងរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ និងអង់អាចក្លាហាន។ ជាងនេះ បងប្អូនកងទ័ព បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងអណត្តិបន្តបន្ទាប់ទៀត និងគាំទ្របេក្ខភាព បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

លោករដ្ឋមន្ត្រីប្រតិភូ បានជូនពរដល់កងទ័ព នៅសមរភូមិមុខទាំងអស់ មានជោគជ័យ ក្នុងការការពារបូរណភាពទឹកដី។ លោកបាននាំយក នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនបងប្អូនកងទ័ព ដើម្បីឲ្យពួកគាត់មានអារម្មណ៍នឹងនរក្នុងចិត្ត និងរីករាយជាមួយសមរភូមិក្រោយ៕