(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានសម្រេចបញ្ជូនមន្រ្តីខ្លួនម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ក្រោយរកឃើញថា មន្រ្តីរូបនោះមានការពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានបញ្ជាក់ថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាងជាបន្តបន្ទាប់ ព្រមទាំងស្ដាប់ចម្លើយរបស់ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្តពាក្យប្តឹង និងអន្ដរជាតិរួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តិល្មើសដែលប្បញ្ញាតក្នុងមាត្រា ៥៩២ (បទវីតិក្រុម) នៃក្រុមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

អ.ប.ព. បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួល ខុសត្រូវទទួលពិនិត្យពាក្យប្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្ដឹងដែលខ្លួនមិនទទួលបន្ទុកទៀតផង។

អង្គភាពប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី អបព ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ៕