(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានសម្តែងនូវអំណរសាទរដ៏ស្មោះភក្តីបំផុត រួមនឹងសេចក្តីសោមនស្សរីករាយឥតឧបមាជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយ មហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលសម្ដេចត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់របស់ប្រទេសកូរ៉េខាងត្បូង។

សម្តេចវិបុលសេនាភក្តី បានចាត់ទុកថា «ការទទួលពានរង្វាន់នេះ ជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្តមបំផុតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាបិតាស្ថាបនិកសន្តិភាពរបស់ជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់យកជីវិតធ្វើជាដើមទុន និងហ៊ានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង ដើម្បីដណ្ដើមបានមកវិញនូវសន្តិភាព និងសេរីភាពជូនប្រទេសនិង ប្រជាជនកម្ពុជា ធានាឯករាជ្យជាតិ អធិបតេយ្យភាព ស្ថិរភាពព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមាន ភាពល្បីរន្ទឺក្នុងសកលលោក។ ជាងនេះទៅទៀត វីរភាពដ៏ក្លាហានឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយក រដ្ឋមន្ត្រី បានក្លាយជាគំរូសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ និងសម្រាប់ពិភពលោកទាំងមូល ផងដែរ»។

សម្តេចបានបន្តថា គ្រប់សកម្មភាពដើម្បីបុព្វហេតុសន្តិភាពក្នុងប្រទេស និងជាគំរូវីរៈភាពសន្តិភាពក្នុងតំបន់ គឺជាសក្ខីភាព ដ៏ច្បាស់លាស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ខាងលើនេះ។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ សម្តេចក៏បានគោរពជូនពរ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមទទួល បាននូវព្រះពុទ្ធពីរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕